(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា នាពេលនេះ។

ក្នុងលិខិតរបស់ សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា «តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរ ជូនចំពោះ សម្តេចអគ្គ មហាពញាចក្រី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុ យឺនយូរតរៀងទៅ»។

សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ដថា «ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សអធិកអធមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះគុណូបការៈប្រកបដោយឆន្ទៈដ៏ឧត្តុង្គឧត្តមបវរថ្លៃថ្លាដែល សម្តេចអគ្គមហា ពញាចក្រី តែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធដ៏ប៉ិនប្រសប់ ក្នុងការរួមចំណែកតស៊ូ រំដោះប្រទេសជាតិឱ្យរួចពីភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេសជាតិឱ្យសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ធំធេង និងស្នាដៃជាច្រើនអនេកប្បការ»។

ជាពិសេស សម្តេច បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការកសាង និង ការអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លាឈានមុខឡើង តាមរយៈការការពារ និរន្តរភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរព សិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផល សង្គមនានាទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ សំដៅលើកកម្ពស់សុខុមាលភាពជីវភាពរស់នៅកាន់តែល្អប្រសើរ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាយើង។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕