(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា ក្រោមអធិបតីភាពលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលខេត្តសៀមរាប លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង ស្រុក ទាំង១៣ លោកអធិការនគរបាលក្រុង ស្រុកទាំង១៣ លោកមេបញ្ជការកងរាជអាវុធក្រុង ស្រុកទាំង១៣ លោកប្រតិភូគណៈមេធាវីប្រចាំសាលាដំបូង លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល សរុបប្រមាណ ៧៥នាក់  ជាសមាជិក សមាជិកា នៃអង្គពិធី។

សូមបញ្ជាក់ថា លោក ឡុង សារ៉ាត់ ត្រូវបានប្រកាសតែងតាំងជាប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តសៀមរាប ដែលបាន និងកំពុងបំពេញការងារពីមុនមកហើយ ដែលត្រូវបានទទួលការតែងតាំងជាថ្មី រួមទាំងមន្រ្តីអាជ្ញាសាលាកម្មសិក្សាចំនួន០៣រូបទៀត ដែលជាសិស្សអាជ្ញាសាលាជំនាន់ទី២ ទើបទទួលបានការបញ្ជូលក្របខណ្ឌថ្មី។

លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប បានផ្តល់នូវមតិណែនាំ និងផ្ដាំផ្ញើដូចខាងក្រោម៖

១/ ទទួលយកនូវការប្ដេជ្ញារបស់លោកប្រធានអង្គភាពអាជ្ញាសាលា
២/ អង្គភាពអាជ្ញាសាលាត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
៣/ ប្រធានអង្គភាព និងអនុប្រធានទី១ នៃអង្គភាពអាជ្ញាសាលា ត្រូវរៀបចំការដឹកនាំ និងការចាត់ចែងការងាររដ្ឋបាល សំណុំរឿង លិខិតចេញចូល សៀវភៅចុះលេខផ្សេងៗ ដោយសហការឱ្យបានល្អជាមួយលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ក្រោមការជួយសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់នានាពីប្រធានសាលាដំបូង។ ត្រូវបែងចែកសំណុំរឿងដោយមានតម្លាភាព ។
៤/ ត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្នុងស្ថាប័ន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធការអនុវត្ត ។
៥/ រាល់ការអនុវត្តដោយបង្ខំទាំងឡាយណាដែលអាចបង្កើតឱ្យមាននូវភាពចលាចល ឬភាពវឹកវរ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈមន្ត្រីអាជ្ញាសាលា ត្រូវរាយការណ៍មកប្រធានអង្គភាព អាជ្ញាសាលា ដើម្បីធ្វើការពិគ្រោះយោបល់ជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ ហើយក្នុងករណីចាំបាច់ ត្រូវស្នើសុំគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ជាមុនពី លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
៦/ អាជ្ញាសាលា ត្រូវអនុវត្តការងាររបស់ខ្លួនដោយគិតគូរផលប្រយោជន៍ប្រជាពលរដ្ឋ(ភាគីឈ្នះក្តី) និងមិនត្រូវគិតថាមានតែខ្លួនទេ ដែលអាចធ្វើបាន មានតែខ្លួនទេជាអ្នកអនុវត្តសេចក្ដីសម្រេចចុងក្រោយ ។

ក្នុងពេលជាមួយគ្នានេះដែរ លោក ប្រធានសាលាដំបូង ក៏បានទទួលយកទាំងស្រុងនូវសំណើរបស់លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លើកិច្ចការកែតម្រូវអត្រានុកូលដ្ឋាន ហើយក៏បានឆ្លើយតបទៅនឹងការមតិលើកឡើងរបស់លោក ច័ន្ទ សត្ថា អំពីប្រសាសន៍របស់លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា សាលាដំបូងបានរៀបចំទីកន្លែងបម្រើការងាររបស់មន្ត្រីអាជ្ញាសាលារួចរាល់ហើយ ហើយក៏បានរៀបចំសំណើសុំ «មន្ត្រីទទួលបន្ទុកកិច្ចការបញ្ជូន និង គម្រោងថវិកាដើម្បីធានាដល់ដំណើរការអង្គភាពអាជ្ញាសាលា» រួចរាល់ផងដែរ ។

ជាកិច្ចបញ្ចប់ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប បានជូនពរដល់ លោក លោកស្រី ជាគណអធិបតី និង ជាភ្ញៀវកិត្តិយស ក្នុងអង្គពិធី ឱ្យជួបសេចក្ដីសុខ សុខភាពល្អ ៕