(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏សិរីមង្គលឧត្តុង្គឧត្តមថ្លៃថ្លា នៃថ្ងៃចម្រើនអាយុវឌ្ឍនៈមង្គលរបស់សម្ដេចអគ្គមហាពញាចកី គម្រប់៩១ឆ្នាំ ឈានចូល៩២ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ព្រមជាមួយមនោសញ្ចេតនាគោរពស្រឡាញ់ និងសូមសម្ដែងនូវកតញ្ញុតាដ៏ជ្រាលជ្រៅបំផុត គោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហាពញាចក្រី សូមសម្ដេច មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ អាយុយឺនយូរ ដើម្បីបន្តរួមចំណែកក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែសម្បូរសប្បាយរុងរឿងយូរអង្វែងតទៅ។
ជាថ្មីម្តងទៀត ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាល គ្រងរក្សា និងប្រោះព្រំប្រទានពរជ័យ ជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្ដេច សូមសមប្រកបតែនឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕