(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើន ជន្មាយុគម្រប់៩១ឆ្នាំ ឈានចូល៩២ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «សម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមបំផុតមួយរូប ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត និងខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ហ៊ានលះបង់ គ្រប់បែបយ៉ាង ដើម្បីដឹកនាំចលនារំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួចបន្តដឹកនាំអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចឱ្យរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដឹកនាំការកាត់បន្ថយភាពក្រីក្រ រួមចំណែកស្វែងរក មហាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ប្រជាជន រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងមានជីវភាពល្អប្រសើរយ៉ាងឆាប់រហ័ស»។
នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឫទ្ធិបារមីខ្លាំងក្លានៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕