(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ជួបពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការលើ វិស័យទេសចរណ៍ប្រទេសកម្ពុជា និងខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងសិក្សាលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងក្រុងសំខាន់ៗរបស់ខេត្តជាំងស៊ូ មកកាន់គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តជាំងស៊ូមកកាន់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។
ការលើកឡើងនេះ ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ និងគណៈប្រតិភូ អញ្ជើញចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូឲ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។ ជាមួយគ្នានេះ រដ្ឋបាលខេត្តជាំងស៊ូ នឹងសហការយ៉ាងជិតស្និតជាមួយ ក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នាក្នុងឆ្នាំ២០២៥ ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិនដូចជា ការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ប្រជាជនខេត្តជាំងស៊ូ។
លើសពីនេះ លោក XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នឹងជួយទាក់ទាញវិនិយោគិន ក្នុងខេត្តជាំងស៊ូ មកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពី រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឲ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍កម្ពុជាឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕