(ក្រចេះ)៖ ចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ នៅក្នុងខេត្តក្រចេះ ដោយបានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព។
លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយទទួលបានការណែនាំពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកបណ្ឌិត និងលោកឱសថការី បាន បុត្តា បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ចាប់ពីថ្ងៃទី១៩ដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
មន្ទីរពេទ្យទាំងនោះមាន មន្ទីរពេទ្យបង្អែកឆ្លូងមន្ទីរពេទ្យបង្អែកព្រែកប្រសព្វ មន្ទីរពេទ្យបង្អែកសំបូរ និងមន្ទីរពេទ្យបង្អែកស្នួល។
លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបថា ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកនេះ ផ្តោតទៅលើចំណុចធំៗចំនួន ៧ គឺ៖
១-ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ
២-ធនធានមនុស្ស និងការគ្រប់គ្រង
៣-សេវាគ្លីនិក
៤-ឧបករណ៍បរិក្ខារ និងឱសថ
៥-ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦-ការលេីកកម្ពស់គុណភាពសេវា
៧-លក្ខខណ្ឌច្បាប់ និងរដ្ឋបាល
ក្នុងឱកាសបំពេញបេសកកម្មនេះ លោកបណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ដែលបានលះបង់ខ្ពស់ ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក ក្នុងមួយឆ្នាំចុះ ២ដង នេះជាលើកទី៤ហើយ ដែលក្រុមការងារបានចុះមកខេត្តក្រចេះ។ លោកបណ្ឌិតបានកោតសរសើរ អំពីការរីកចម្រើន របស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យចំនួន ៣លើកកន្លងមក ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនតូច ដែលត្រូវតែបន្តពង្រឹង និងកែលម្អបន្ថែមទៀត អោយកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព៕