(ភ្នំពេញ)៖ នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ខាងមុខ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដើម្បីឲ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួម លើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវសប្បុរសជន លោក-លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ-អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកកសាងហេដ្ឋារចនា សម្ព័ន្ធយុទ្ធសាស្ត្ររយៈពេលវែងនៅតាមបន្ទាត់ព្រំដែនជួរមុខ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌សប្បុរសជនទាំងអស់ ដែលជាវប្បធម៌ នៃការចែករំលែកក្នុងស្មារតី ភាតរភាពរបស់ប្រជាជាតិយើង។ អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ រៀងរាល់ម៉ោង ធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩ ឬបង្វែរតាមគណនី ធនាគារ ABA របស់រដ្ឋបាល រាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 002 427 351 (KHR) និងលេខ៖ 002 427 343 (USD)៕