(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនប៊ីខេអិល មេឌា ប្រូដាក់សិន ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងដ៏ខ្ពង់ខ្ពស់សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ខណៈការចុះ MoU បានធ្វើឡើងរវាងលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ស៊ូ នីង (XU NING) នាយកប្រតិបត្តិក្រុមហ៊ុន BKL MEDIA PRODUCTION CO.,LTD ដែលជាក្រុមហ៊ុនមេ របស់ស្ថាប័នសារព័ត៌មាន Cambodia Nation Media (CNM)។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នាពេលនេះ គឺដើម្បីបង្កើនការផ្សព្វផ្សាយ និងរាយការណ៍អំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយ BKL និងផ្សព្វផ្សាយស៊ីជម្រៅអំពីសមិទ្ធផលការងារ និងបទពិសោធន៍ជឿនលឿនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញពីគ្រោះថ្នាក់ និងលទ្ធផលនៃបទល្មើសគ្រឿងញៀន ដើម្បីដឹកនាំសាធារណជនឱ្យបង្កើតបាននូវគុណតម្លៃ និងទស្សនៈជីវិតត្រឹមត្រូវ បង្កើតយន្តការចែករំលែកព័ត៌មានជាប្រចាំ ជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបាន និងផ្សព្វផ្សាយព័ត៌មានថ្មីៗបំផុត ស្តីពីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត ចូលរួម និងជំរុញសកម្មភាពផ្សព្វផ្សាយព័ត៌មានស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង និងជ្រួតជ្រាបដល់ស្រទាប់មហាជនគ្រប់មជ្ឈដ្ឋាន។
លោក ស៊ូ នីង បានលើកឡើងថា បញ្ហាគ្រឿងញៀន បង្កគ្រោះថ្នាក់សង្គមជាសកល និងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់មនុស្ស ព្រមទាំងប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពសង្គមទៀតផង។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។
លោកថា តែទោះយ៉ាងណាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកិច្ចការដ៏វែងឆ្ងាយ និងលំបាកដែលទាមទារឱ្យមានការចូលរួមពីសង្គមទាំងមូល។ ក្នុងន័យនេះ BKL MEDIA PRODUCTION CO.,LTD ពិតជាមានមោទនភាព ដែលបានធ្វើជាដៃគូជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា សន្តិបណ្ឌិត នេត សាវឿន បានណែនាំ និងតម្រង់ទិសដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដែលបាន និងកំពុងធ្វើសកម្មភាពដោយក្រសួង ស្ថាប័នដែលជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ជាមួយគ្នាដោយមានការចូលរួមពីស្ថាប័នដែលជាសមាជិកទាំងនេះ យើងក៏ខិតខំកៀរគតួអង្គដែលមានការពាក់ព័ន្ធនៅក្នុងសង្គម ដើម្បីធ្វើសកម្មភាពឱ្យកាន់តែសកម្មថែមទៀតក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ហេតុនេះត្រូវការតួអង្គគ្រប់ទាំងអស់ រួមទាំងវិស័យឯកជនចូលរួមបំពេញនូវភាពចន្លោះប្រហោងកន្លងមក និងឱ្យកាន់តែទូលំទូលាយ ដើម្បីឈានទៅសម្រេចបាននូវសង្គមកម្ពុជា ដែលមិនមានបញ្ហាគ្រឿងញៀន តាមរយៈអ្វីដែលបានធ្វើកន្លងមក រួមទាំងផែនការដែលបានដាក់ចេញ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធកាន់តែសកម្ម កាន់តែខ្លាំងក្លា និងផុលផុសនេះ ដូចនេះជឿជាក់ថាប្រាកដជាអាចសម្រេចបាននូវសង្គមកម្ពុជា ចាកផុតពីការញាំញីដោយគ្រឿងញៀន៕