(ប៊ែរឡាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃសុក្រនេះបានសន្ទនាតាមទូរស័ព្ទ ដោយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការការពារទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេសទាំងពីរ និងជាមួយអឺរ៉ុប ចំពេលមានភាពចលាចលដែលបង្កឡើងដោយគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។
ថ្វីបើមិនបានលើកឡើងដោយផ្ទាល់ពីពន្ធគយអាមេរិកក្នុងរបាយការណ៍ផ្លូវការក៏ដោយ កិច្ចសន្ទនានេះធ្វើឡើងក្រោមស្រមោលនៃគោលនយោបាយគាំពារនិយមរបស់អាមេរិក។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា លោក ស៊ី បានអំពាវនាវឲ្យ «បើកទំព័រថ្មី» ក្នុងភាពជាដៃគូយុទ្ធសាស្ត្រចិន-អាល្លឺម៉ង់ ដើម្បីរួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ខណៈលោក Merz បានសង្កត់ធ្ងន់លើ «ការប្រកួតប្រជែងដោយយុត្តិធម៌ និងទៅវិញទៅមក»។
កិច្ចសន្ទនានេះ កើតឡើងខណៈអាល្លឺម៉ង់កំពុងព្យាយាមរក្សាតុល្យភាពរវាងការចាត់ទុកចិនជាគូប្រជែងផង និងជាដៃគូពាណិជ្ជកម្មដ៏ធំផង ហើយស្របពេលដែលសហភាពអឺរ៉ុបកំពុងអនុវត្តយុទ្ធសាស្ត្រ «កាត់បន្ថយហានិភ័យ» ពីការពឹងផ្អែកលើចិន ដែលទីក្រុងប៉េកាំងបានជំរុញកុំឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថា ការពិភាក្សារវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ បានសបញ្ជាក់ពីកិច្ចប្រឹងប្រែងដើម្បីបង្កើតរណសិរ្សមួយ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មឯកតោភាគី និងជំរុញស្ថិរភាពសេដ្ឋកិច្ចសកល៕