(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយ ដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។
សម្តេចមហាបវរធិបតី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។
សម្តេចធិបតី បានបញ្ជាក់ថា ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។
សូមជម្រាបថា ថ្មីៗនេះ មានអ្នកតាំងខ្លួនថាមានបារមី ហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។
ជាមួយគ្នានេះ មានស្ត្រីម្នាក់នេះ បានធ្វើសកម្មភាពឲ្យពរជ័យ លើកងទ័ពការពារព្រំដែន និងមានលក្ខណៈជាអ្នកមានបារមីផង ដែលចាកខុសពីវប្បធម៌ប្រពៃណីរបស់ខ្មែយ៉ាងខ្លាំង។ កន្លងមក ស្ត្រីរូបនេះ ក៏ធ្លាប់តាំងខ្លួនថាជាបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតផងដែរ៕