(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងរស្រេច ដើម្បីអន្តរាគមន៍ចាក់ជូនប្រជាពលរដ្ឋបន្ទាន់ ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។

ការណែ​នាំឱ្យត្រៀម​វ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ដោយសម្តេចបវរធិបតី បានកត់សម្គាល់ថា បច្ចុប្បននេះ ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ​​ខណៈកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញផងដែរ។​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ​ទី២៣ ខែឧសភា ឆ្នាំ២០២៥។​

ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដួស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម។

គួរជម្រាបផងដែរថា កាលពី​ពេលថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋ​នាំគ្នាទៅចាក់​វ៉ាក់​សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បីការពារខ្លួន​ពីជំងឺកូវីដ១៩ ​ខណៈនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា​ និង​នៅតំបន់លើ​ពិភពលោក ទើបតែបានរកឃើញវីរុសកូវីដ-១៩​ បំប្លែងថ្មី​ពិសេសពួក​ ជេអ៉ិន.១​ (JN.1) ​ដែលបាននិងកំពុងមានការឆ្លងរីកដាលខ្លាំង។

ជាមួយគ្នានេះ លោកស្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្ន​ខ្ពស់​ ​នៅពេលមានអាការក្ដៅខ្លួន​ដែលអាចមានផលប៉ះពាល់សុខភាព​ដោយសារជំងឺ​កូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺ​រាំរ៉ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៧នាក់៕