(ភ្នំពេញ)៖ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា នៅថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥ បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលា ស្ដីអំពី «វាទប្បដិវាទ ក្នុងវិស័យចក្ខុសាស្រ្ត» ឬភាសាអង់គ្លេសហៅថា controversy in ophthalmology។

សិក្ខាសាលាខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា បានថ្លែងថា គោលបំណងនៃសិក្ខាសិលានេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់គ្រូពេទ្យភ្នែកគ្រប់ខេត្តក្រុងទូទាំងប្រទេស សរុប ១៤៦ រូប អំពី ចំណេះដឹងថ្មីៗ បទពិសោធន៍ និង នវានុវត្តន៍ក្នុងវិស័យចក្ខុសាស្រ្ត។

លោកស្រីវេជ្ជបណ្ឌិតបានបន្ដទៀតថា «សិក្ខាសាលានេះជាវេទិកាមួយសំរាប់ផ្ដល់ជូននូវការជជែកពិភាក្សា ស្វែងរកជំរើសល្អបំផុតសំរាប់ព្យាបាលអ្នកជំងឺរបស់យើង ព្រមទាំងលើកកម្ពស់ការថែទាំសុខភាពភ្នែកឱ្យកាន់តែប្រសើរឡើង និងស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែកនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថាសិក្ខាសាលា ស្ដីពី «វាទប្បដិវាទ ក្នុងវិស័យចក្ខុសាស្ត្រ» បានទទួលការឧបត្ថម្ភថវិកាពី មូលនិធិ Fred Hallow ដែលកន្លងមកតែងតែគាំទ្រដល់ការបណ្តុះបណ្តាលធនធាមនុស្ស និងថវិកាដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សមាគម ឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះផងដែរ៕