(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ និងថ្នាំញៀនមួយចំនួនធំ ទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង។​

មន្រ្តីបានបញ្ជាក់ថា នៅវេលាម៉ោង ១៦៖៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពាមរក៏ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរ ចុះអនុវត្តវិធានរដ្ឋបាលបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឃុន សីហា អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
*​ទី២៖ ឈ្មោះ ឌុច ចន្តា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ ស ចំនួន២កញ្ចប់ កែវជក់ថ្នាំងញៀន១ ទូរសព្ទ័២គ្រឿង ម៉ូតូ១គ្រឿង ទូរសព្ទដៃ១គ្រឿង។ តាមចម្លើយសារភាពរបស់ឈ្មោះ ឧុច ចន្តា ចំពោះថ្នាំញៀននេះគឺរូបគេបានទិញពីឈ្មោះ យួន រស់នៅស្រុកលើកដែក ខេត្តកណ្តាល។

បន្ទាប់មកដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល, នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល បន្តឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ង្វៀង យុំាងឌឹក ហៅយួន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម រស់នៅភួមិកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ដោយចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សចំនួន២៧កញ្ចប់ ទម្ងន់៣៦៩៨.២ក្រាម ទាំងសំបកថង់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ទូរសព្ទ័ដៃ២គ្រឿង ម៉ូតូ១គ្រឿង ឧបករណ៍ជក់ថ្នាំញៀន១សម្រាប់ដែកកេះ៥៕