(ភ្នំពេញ)៖ អដ្ឋិធាតុ ចំនួន២៣អដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ចំនួន៣ខេត្ត គឺខេត្តរតនគិរី ស្ទឹងត្រែង និងព្រះវិហារ បានដង្ហែចេញពីកម្ពុជា និងបានយកមកបញ្ចុះនៅទីលានបញ្ចុះអដ្ឋិធាតុនៅស្រុកដឹកកឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ក្នុងនោះប្រតិភូកម្ពុជា ដែលចូលរួមដឹកនាំដោយលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្ត, លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងលោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ បានបញ្ជាក់ថា ការរៀបចំពិធីបញ្ចុះអដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានធ្វើមាតុភូមិនិវត្តន៍ និងរៀបចំពិធីបញ្ចុះអដ្ឋិធាតុទៅតាម ទំនៀមទម្លាប់ប្រពៃណីប្រជាជនវៀតណាម ដោយបានធ្វើពលិកម្មនៅក្នុងសម័យសង្គ្រាមនៅកម្ពុជា។

លោកស្រីបន្តថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ ព្រមទាំងសហការី និងក្រុមការងារជំនាញ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងរដូវប្រាំងឆ្នាំ២០២៥-២០២៦ខាងមុខនេះ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងទទួលបាននូវលទ្ធផលថ្មីៗបន្ថែមទៀត។

លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ការរៀបចំពិធីមាតុភូមិនិវត្តន៍សម្រាប់រដូវប្រាំង២០២៤-២០២៥ ដោយបានការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រុមការងាររបស់គណៈកម្មាធិកាប្រជាជនខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ជាពិសេសក្រុមជំនាញការរុករកផ្ទាល់ របស់ខេត្តយ៉ាឡាយ ប្រចាំនៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ។

ជំនួសមុខឲ្យថ្នាក់ដឹកនាំ និងប្រតិភូខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តព្រះវិហារ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជន និងគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ ដែលបានគាំទ្រ និងសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវរុករកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម នាពេលកន្លងមក។

លោកបានថ្លែងអបអរសាទរកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែង រវាងកងកម្លាំងភាគីខេត្តយ៉ាឡាយ ក្រុមការងារ K52 ជាមួយគណៈកម្មការជំនាញ និងកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ ក្នុងការស្រាវជ្រាវ ជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម សរុប១,៥១២អដ្ឋិធាតុ ក្នុងនោះខេត្តស្ទឹងត្រែង មានចំនួន៤៣៦អដ្ឋិធាតុ, ខេត្តរតនគិរី មានចំនួន៥៤៨អដ្ឋិធាតុ និងខេត្តព្រះវិហារ មានចំនួន៥២៨អដ្ឋិធាតុ។ ដោយឡែកសម្រាប់រដូវប្រាំងឆ្នាំ២០២៤-២០២៥ សម្រេចបានចំនួន២៣អដ្ឋិធាតុ ក្នុងនោះខេត្តស្ទឹងត្រែង មានចំនួន៩អដ្ឋិធាតុ, ខេត្តរតនគីរី មានចំនួន៨អដ្ឋិធាតុ និងខេត្តព្រះវិហារ មានចំនួន៦អដ្ឋិធាតុ ដែលត្រូវបានរៀបចំពិធីជូនដំណើរដើម្បីធ្វើមាតុភូមិនិវត្តន៍ មកកាន់ស្រុកដឹកកឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម៕