(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។
បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដែលជាផ្នែកមួយ នៃវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៧ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្ស មកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៥២រូប(ស្រី ២១រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ក្នុងបទឧទ្ទេសនាមនារសៀលនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចែករំលែកអំពីដំណើរវិវឌ្ឍន៍នៃរដ្ឋបាលសាធារណៈកម្ពុជា ក៏ដូចជាឆន្ទៈនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុនរហូត មកដល់ពេលបច្ចុប្បន្ន។ លោកក៏បានចែករំលែកនូវការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣។
ជាការកត់សម្គាល់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា រាល់ការកែទម្រង់ទាំងអស់ គឺសំដៅទៅដល់ការដាក់ផលប្រយោជន៍ប្រជាជនជាអាទិភាព។ ប្រយោជន៍ទាំងនោះទទួលបាន តាមរយៈការផ្តល់សេវាសាធារណៈ ដែលល្អប្រសើរជាបន្តបន្ទាប់ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ របស់មន្ត្រីដែលផ្តល់សេវា និងសមត្ថភាពស្ថាប័នផ្តល់សេវា ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធរដ្ឋបាលសាធារណៈ កាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ ដែលពោរពេញដោយសមត្ថភាពក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ៕