(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា សារព័ត៌មានប្រកបដោយក្រមសីលធម៌ ចូលរួមធានាសុខុមាលភាពរបស់កុមារ និងជួយការពារកុមារពីការរងផលប៉ះពាល់នានាជាយថាហេតុ។ ការប្រកាន់ខ្ជាប់នូវនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ជាគោលការណ៍គ្រឹះ និងជាទំនួលខុសត្រូវរបស់អ្នកសារព័ត៌មានគ្រប់រូប។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា តួនាទីរបស់អ្នកសារព័ត៌មានមានសារៈសំខាន់ ការទទួលខុសត្រូវខ្ពស់ ជាអ្នកផ្គត់ផ្គង់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយផ្តល់ព័ត៌មាន ពុទ្ធិ ការអប់រំផងដែរ។ អ្នកសារព័ត៌មានដែលមានទំនួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវចូលរួមលើកកម្ពស់ ការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ អនាគតរបស់កុមារ យុវវ័យ។

ការលើកឡើងបែបនេះរបស់លោក ទេព អស្នារិទ្ធ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការរក្សាសុវត្ថិភាពកុមារ យុវជន និងស្រ្តីវ័យជំទង់ក្នុងវិស័យសារព័ត៌មាន» នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមសំណាក់លោក យី គឹមថាន នាយកស្តីទីរបស់អង្គការ Plan ប្រចាំកម្ពុជា, អង្គការដៃគូ និពន្ធនាយក និពន្ធនាយករង អ្នកសារព័ត៌មានជាតិ អន្តរជាតិ អ្នកតំណាងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជាច្រើនរូបផងដែរ។

នាឱកាសនេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា សម្រាប់ប្រធានបទ ដ៏មានសារៈសំខាន់ណាស់ ពីព្រោះទាំងក្នុងក្របខណ្ឌសកល តំបន់ និងក្នុងប្រទេសកម្ពុជា ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ ដែលអ្នកបានមកចូលរួមសុទ្ធតែបានផ្តល់សារៈសំខាន់ដល់កិច្ចខិតខំក្នុងចូលរួមធានាការលើកកម្ពស់សុវត្ថិភាពកុមារ យុវវ័យ និងក្រុមជនងាយរងគ្រោះ។

លោក ទេព អស្នារិទ្ធ បានថ្លែងចែករំលែកដល់អង្គសិក្ខាសាលាទាំងមូលថា ក្រុមអ្នកជំនាញការអាស៊ាន បានធ្វើការជាមួយភាគីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ វិស័យឯកជន អ្នកជំនាញក្នុងវិស័យព័ត៌មាន និងបច្ចេកវិទ្យា អ្នកប្រើប្រាស់នៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន បានរកឃើញថាកុមារ ប្រឈមនឹងអំពើកេងប្រវ័ញ្ច និងការទទួលមើលមាតិកាមិនសមអាយុ ការឆបោកតាមអ៉ីនធឺណិត ការឆបោកហិរញ្ញវត្ថុ បោកប្រាស់ស្នេហា បោកប្រាស់ការងារដែលអាចនាំឱ្យមានការជួញដូរមនុស្ស, ការកើនឡើងនៃការធ្វើបាបតាមអ៉ីនធឺណិត (cyber bullying) ការប្រើពាក្យពេចន៍ដែលនាំឱ្យមានហិង្សា ការរើសអើង អរិភាពសង្គម ព័ត៌មានក្លែងក្លាយដែលបង្កចលាចល អសន្តិសុខសង្គម បាត់ជំនឿទុកចិត្ត ប៉ះពាល់ដល់ការរក្សាស្ថិរភាព ការអភិវឌ្ឍ សន្តិភាពជាតិ និងក្នុងតំបន់។

ត្រង់ចំណុចនេះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពារកុមារ គេរកឃើញមានភាពខ្វះចន្លោះផ្នែកបទបញ្ញត្តិជាក់លាក់នៅទូទាំងអាស៊ាន បញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ក្នុងនោះរាប់បញ្ចូលទាំង បញ្ហាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពជំនាញ យន្តការសម្របសម្រួលជាក់លាក់ ការសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធនានា យន្តការហិរញ្ញវត្ថុ ក្នុងចំណោមកត្តាផ្សេងៗទៀត។

លោកបានបន្ថែមថា អ្នកសារព័ត៌មានតែម្នាក់មិនទាន់គ្រប់គ្រាន់ដើម្បីអាចធានាបាននូវក្រមសីលធម៌សារព័ត៌មានសម្រាប់កុមារ យុវវ័យទេ គឺត្រូវមានតួនាទីផ្សេងទៀតដែរ ដូចជាអ្នកកែសម្រួលអត្ថបទ ការីនិពន្ធ ដែលជាអ្នកត្រួតពិនិត្យ កែសម្រួលចំណងជើង រូបភាព សម្រួចខ្លឹមសារនៃព័ត៌មានឱ្យបានត្រឹមត្រូវជាមុន មុនផ្សាយចេញ ដើម្បីធានាភាពត្រឹមត្រូវ មានទឡ្ហីករណ៍ ខ្លឹមសារគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ សុក្រិតភាព និងគុណភាព។

ទន្ទឹមនឹងនេះដែរ លោក ទេព អស្នារិទ្ធ បានបន្តថា ដូច្នេះ ដើម្បីអនុវត្តតួនាទីអ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព អ្នកសារព័ត៌មាន ត្រូវចាំបាច់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់រូបភាព ខ្លឹមសារ ក្នុងការប្រតិបត្តិក្រមសីលធម៌ពេលរាយការណ៍ព័ត៌មាន មានរូបភាពពាក់ព័ន្ធនឹងឃាតកម្ម ការស្លាប់ និងសាកសព គ្រោះថ្នាក់របួសរាងកាយ (ឈាម) បាត់បង់អវយវៈ ខូចទ្រង់ទ្រាយលើរាងកាយ អំពើហិង្សា ពាក្យពេចន៍ ឬរូបភាពអាសអាភាស ការរៀបរាប់ពីរបៀបធ្វើអត្តឃាត របៀបនៃបទល្មើសអំពើប្លន់សម្លាប់ ត្រូវមានការបិទបាំង មិនបង្ហាញចំ ឬធ្វើរូបឱ្យព្រិលរូប ដើម្បីការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកពាក់ព័ន្ធនឹងសាច់រឿង ហេតុការណ៍នោះ ឬអ្នកទទួលព័ត៌មាន ដែលជាអនីតិជន កុមារ យុវវ័យ ស្ត្រី ឬជនងាយរងគ្រោះ។

ដើម្បីការពារសិទ្ធិ លើកម្ពស់សុខុមាលភាព និងសុវត្ថិភាពកុមារ យុវវ័យ តួអង្គពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវរួមសហការគ្នាឱ្យបានប្រសើរ ដោយកំណត់យកគោលដៅរួមជាចំបង ហើយចូលរួមដោយនាំយកមកជាមួយនូវភាពខ្លាំងដែលខ្លួនមាន អ្នកជំនាញ ជំនួយបច្ចេកទេស ផលិតផល និងធនធានដែលខ្លួនមានចាំបាច់ដល់ដំណើរការនៃកិច្ចសហប្រតិបត្តិការ និងការអនុវត្តជាក់ស្តែង។

លោកបានថ្លែងសង្កត់ធ្ងន់បន្ថែមថា ក្រសួងព័ត៌មានត្រៀមខ្លួនជាស្រេចក្នុងការដឹកនាំ សម្របសម្រួល ចូលរួម និងបង្កបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ ការរៀបចំគោលនយោបាយ និងឱកាសផ្សេងៗដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការពារសិទ្ធិ និងសុវត្ថិភាពកុមារ យុវវ័យកម្ពុជា៕