(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹង អញ្ជើញចូលរួម​កិច្ច​​ប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែលរៀបចំ​ឡើង​នៅប្រទេសម៉ាស៊ី នាសប្តាហ៍ក្រោយ គឺចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ធ្វើឡើង តបតាមការ​អញ្ជើញ​របស់លោក ដាតុ ស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងផងដែរថា អញ្ជើញអមដំណើរសម្ដេច​មហា​បវរ​ធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួម​មាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ក្រោមប្រធានបទ «បរិយាបន្ន និងចីរ​ភាព» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និង​អនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍​ដ៏​សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញា​ចិត្តរួមគ្នា​របស់តំបន់អាស៊ានដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្ដោត​លើប្រជាជនជាចម្បង។

កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងផ្តល់វេទិកាសម្រាប់អាស៊ានក្នុងការពង្រឹង និង​ពង្រីក​ទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចប្រាស្រ័យទាក់ទងជាមួយ GCC និង ប្រទេសចិន លើ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច នៅចំពោះមុខការប្រែប្រួលទិដ្ឋភាពភូមិសាស្ត នយោបាយ និងសេដ្ឋកិច្ច។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅ​ទីក្រុង​គូឡាឡាំពួ សម្ដេចមហាធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ​អាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់​តែ​ស៊ី​ជម្រៅនូវទំនាក់ ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រយោជន៍ និងក្តី​បារម្ភ​រួម។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូហោះបន្តទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ៕