(ភ្នំពេញ)៖ លោក តាំង ប៊ុនហុង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្មនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល ដើម្បីពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។

មុននឹងចូលទៅកាន់កិច្ចពិភាក្សា ក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជម្រាបអំពីសាវតានិងដំណើការនៃការរៀបចំយុទ្ធសាស្រ្តជាតិ ព្រមទាំងបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាង និងផែនការបន្ទាប់។

តំណាងក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ព័ត៌មានវឌ្ឍនភាពនិងស្ថានភាពបច្ចុប្បន្ន អំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំនិងបានផ្តល់ធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលសេចក្តីព្រាងយុទ្ធសាស្រ្តជាតិនេះឱ្យកាន់តែប្រសើរឡើង។

លោកប្រធាននាយកដ្ឋានបានជម្រាបពីការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

តំណាងក្រសួងអប់រំ យុវជន និងកីឡានឹងបន្តពិភាក្សាផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានទិសដៅកាន់តែច្បាស់លាស់សម្រាប់ប្រែក្លាយចក្ខុវិស័យ ជាការពិតនិងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា៕