(ភ្នំពេញ)៖ ដើម្បីបង្កើនសុចរិតភាពក្នុងពាណិជ្ជកម្ម និងប្រយុទ្ធនឹងការកើនឡើងនៃទំនិញខុសច្បាប់ និងក្លែងក្លាយនៃផលិតផលជប៉ុននៅទីផ្សារកម្ពុជា អាជ្ញាធរគយប្រទេសជប៉ុន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងកម្មសិទ្ធិបញ្ញាតាមព្រំដែន នៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាជាតិគយ នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី២១ ខែឧសភា ជាថ្ងៃទី៣ នៃសិក្ខាសាលា មានការចូលរួមពីសំណាក់មន្រ្តីគយចំនួន ៣០នាក់មក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។​ សិក្ខាសាលានេះបានផ្តល់ជូនដល់សិក្ខាកាមនូវចំណេះដឹងបច្ចេកទេស ដើម្បីសម្គាល់ និងទប់ស្តាត់ទំនិញក្លែងក្លាយ ដែលមានចរាចរនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ក្រុមហ៊ុនជប៉ុនធំៗដែលប្រតិបត្តិការនៅកម្ពុជា ដូចជា JTI, Toyota, Panasonic និង Daikin បានផ្តល់នូវការបង្ហាញជាក់ស្តែងដោយប្រើផលិតផលផ្ទាល់របស់ក្រុមហ៊ុនខ្លួនដើម្បីបង្ហាត់បង្ហាញឱ្យមន្រ្តីមានសមត្ថភាពខ្ពស់ក្នុងការសម្គាល់ និងរកឃើញទំនិញក្លែងក្លាយ នៅតាមមាត់ច្រកព្រំដែនសំខាន់ៗ។

លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI Cambodia បានបញ្ជាក់ពីការព្រួយបារម្ភនៃការកើនឡើងនៃការជួញដូរទំនិញខុសច្បាប់ជាពិសេសចំពោះវិនិយោគិនជប៉ុន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនតាមរយៈយុទ្ធនាការ «ដៃគូដើម្បីភាពរីកចម្រើន»

ភាពជាដៃគូនេះបានជួយឱ្យមានការផ្លាស់ប្តូរចំណេះដឹងរវាងវិស័យឯកជននៃឧស្សាហកម្មនីមួយៗ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកតម្កើងបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែងស្មើគ្នា ប្រកបដោយតម្លាភាពៈដើម្បីទាក់ទាញវិនិយោគជប៉ុនបន្ថែមមកកម្ពុជា។ តាមរយៈកិច្ចសហការនេះភាគីទាំងពីរ មានគោលបំណងកាត់បន្ថយជាអតិបរមានូវការជួញដូរទំនិញខុសច្បាប់ និងក្លែងក្លាយដើម្បីរក្សាសុចរិតភាពទីផ្សារទំនិញ។

លោក Mr. Tatsuyuki Imaizumi ទីប្រឹក្សាផ្នែកគោលនយោបាយ និងរដ្ឋបាលគយរបស់ JICA នៅអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់មន្រ្តីគយក្នុងការសម្គាល់ និងរកឃើញទំនិញក្លែងក្លាយមិនត្រឹមតែចូលរួមលើកកម្ពស់អនុលោមភាពនៃកម្មសិទ្ធិបញ្ញាតាមព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះទេ តែព្រមទាំងចូលរួមពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជនផងដែរ»

ក្រៅពីការបណ្ដុះបណ្ដាលបច្ចេកទេស សិក្ខាសាលានេះក៏បានពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសជប៉ុន និងកម្ពុជាដែលបង្ហាញពីការប្តេជ្ញារបស់ជប៉ុនក្នុងការគាំទ្រការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា។ តាមរយៈការរួមបញ្ចូលចំណេះដឹងទាំងពីវិស័យរាជរដ្ឋាភិបាល និងឯកជននេះបានបង្កើតគំរូរឹងមាំសម្រាប់ការសហការបន្តទៅអនាគត ដែលមានគោលបំណងការពារបណ្ដាញពាណិជ្ជកម្មសកល និងបង្កើនទំនុកចិត្តក្នុងការវិនិយោគ។ ការសហការទាំងនេះមានសារៈសំខាន់ក្នុងការរក្សាបរិយាកាសពាណិជ្ជកម្មឱ្យមានសុវត្ថិភាព និងស្មើភាព ដើម្បីឱ្យក្រុមហ៊ុនអាជីវកម្ម អ្នកប្រើប្រាស់ និងអាជ្ញាធរទាំងអស់រួមគ្នាការពារផលិតផលពិតប្រាកដក្នុងពាណិជ្ជកម្ម៕