(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង នៅក្រោយកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជានេះថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគម ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវឌ្ឍន៍។
លោក ជា ធីរិទ្ធ បានបន្ថែមថា ដើម្បីដោះស្រាយចំពោះបញ្ហាប្រឈមដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យរៀបចំដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយរៀបចំបង្កើត នឹងដាក់ឲ្យដំណើរការបណ្តាញសង្គមផ្លូវការរបស់សមាគមអតីតយុទ្ធជនកម្ពុជា មានដូចជា៖ ហ្វេសប៊ុក តេឡេក្រាម យូធូប សំដៅធ្វើយ៉ាងណាជំរុញនូវការផ្សព្វផ្សាយនូវសកម្មភាពជាស្នាដៃជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាពរបស់អតីតយុទ្ធជនកម្ពុជាឲ្យកាន់តែផុសផុលឡើង នៅលើបណ្តាញសារព័ត៌មាន ពោលគឺបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចស្នូលសំខាន់ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតសមាគមយុទ្ធជនកម្ពុជា ដោយសម្តេចបានផ្តល់អនុសាសន៍ឲ្យមានការរៀបចំ ដើម្បីឈានទៅដល់ការធ្វើវិសោធនកម្ម លក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជំរុញបន្ថែមទៀតដល់និវត្តជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជនកន្លងមកទេ។
លោក ជា ធីរិទ្ធ បានបន្ថែមថា ការផ្តល់អនុសាសន៍ឲ្យកែប្រែលក្ខន្តិកៈនេះ ក្នុងគោលដៅដើម្បីបញ្ចូលនិវត្តជនទូទៅ ដែលមានដូចជា មន្ត្រីរាជការស៊ីវិល រួមទាំងកម្លាំងប្រដាប់ ឲ្យចូលទៅក្នុងក្របខ័ណ្ឌនៃសមាគមនេះ ដើម្បីអាចពិនិត្យពិចារណា ក្នុងការផ្លាស់ប្តូរឈ្មោះបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យមានវិសាលភាពលើការគ្រប់គ្រងទៅលើនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលការធ្វើបែបនេះដើម្បីគ្រប់គ្រងលើដំណើរការនៃនិវត្តជនទូទៅ ដោយមិនទុកពួកគាត់ចោលនោះទេ។
លោក ជា ធីរិទ្ធ បានឱ្យដឹងទៀថា នេះជាអនុសាសន៍ថ្មី និងជាការយកចិត្តទុកដាក់ថ្មីរបស់សម្តេចតេជោ ក្នុងឋានៈជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលបានចូលនិវត្តន៍ ដើម្បីឲ្យចូលនៅក្នុងក្របខ័ណ្ឌនៃសមាគមអតីតយុទ្ធជន៕