(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំក្រុមមន្រ្តីទាំងអស់ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានជាដាច់ខាតការនាំបន្លែ ផ្លែឈើ ដែលមានសារធាតុគីមី ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាមច្រកទ្វារភ្នំដិន ជាពិសេសផ្លែទុរេនពីប្រទេសវៀតណាម ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ បានថ្លែងថា «ច្រកទ្វារអន្តរជាតិភ្នំដិន គឺជាច្រកទ្វារដ៏ធំមួយដែលនាំទំនិញពីកម្ពុជា ទៅវៀតណាម និងនាំទំនិញពីវៀតណាម ចូលមកកម្ពុជា ជាពិសេសបន្លែផ្លែឈើជាច្រើនបាននាំពីវៀតណាម ចូលតាមច្រកនេះមកផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារភ្នំដិននេះ ត្រូវពិនិត្យរកសារធាតុគីមីជាមុនសិន មុននឹងអនុញ្ញាតឲ្យនាំចូល ហើយបើរកឃើញមានសារធាតុគីមី នៅលើបន្លែផ្លែឈើទាំងនោះ ត្រូវតែហាមឃាត់ដាច់ខាតមិនឲ្យនាំចូលមកកម្ពុជាដាច់ខាត ជាពិសេសផ្លែទុរេន គឺត្រូវហាមខាត់ដាច់មិនឱ្យនាំចូលតែម្ដង»។
លោកខេត្តតាកែវ ក៏បានណែនាំមន្រ្តីចត្តាឡីស័ក្តិដែលប្រចាំនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើត្រួតពិនិត្យសុខភាពអ្នកដំណើរឆ្លងកាត់ចូលមកកម្ពុជា ឲ្យបានច្បាស់លាស់ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែផ្ទុះឡើង និងបានរកឃើញកើតមាននៅក្នុងប្រទេសផងដែរ ហើយបើពិនិត្យរកឃើញភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍បន្ទាន់ទៅថ្នាក់លើ ដើម្បីចាត់វិធានការណ៍ទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕