(រតនគីរី)៖ លោកវេជ្ជបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានជំរុញណែនាំបន្ថែមទៀតដល់ អ្នកផ្ដល់សេវាសាធារណៈ និងឯកជន គឺត្រូវគ្រប់គ្រងសំណល់វេជ្ជសាស្រ្ដឲ្យបានល្អត្រឹមត្រូវ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ និងប៉ះពាល់បរិស្ថាន ព្រោះសំណល់វេជ្ជសាស្រ្ដជាវត្ថុដែលបង្កគ្រោះថ្នាក់ជាខ្លាំង។

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ជា សានិត ធ្វើឡើងក្នុក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ សេវាថែរទាំសុខភាព ជាមួយសេវាសុខាភិបាលសាធារណៈ និងឯកជនក្នុងខេត្តរតនគិរី ដែលរៀបចំឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាវិស័យពាក់ព័ន្ធជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត ជា សានិត បានថ្លែងជំរុញដល់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងសេវាឯកជននៅទូទាំងខេត្ត ធ្វើយ៉ាងណាទុកដាក់ និងគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រឲ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកវេជ្ជបណ្ឌិតបានបន្តថា «សំណល់វិជ្ជសាស្ត្រ ជាសំណល់អាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំង លើអាយុជីវិតមនុស្ស, សត្វ និងប៉ះពាល់ដល់បរិស្ថាន ពោលបង្ករឱ្យមានការពុល, ការចម្លងមេរោគ, ការរាតត្បាតនៃជំងឺផ្សេងៗ ប្រសិនបើគ្មានការគ្រប់គ្រង និងបង្ការទុកជាមុននោះទេ ហេតុដូច្នេះការទុកដាក់សំណល់វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវគឺ ជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពកង្វក់ និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងបរិស្ថាន»

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តត្បូងឃ្មុំ ក៏បានចែករំលែកពីបទពិសោធន៍ ចំពោះការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ក្នុងខេត្តត្បូងឃ្មុំ ប្រកបប្រសិទ្ធភាព និងភាពជោគជ័យជូនដល់អ្នកចូលរួម អាចយកទៅអនុវត្តន៍ផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា «ឥទ្ធិពលនៃការប៉ះពាល់ ដល់សុខភាព និងបរិស្ថានបណ្ដាលមកពីកង្វះការគ្រប់គ្រង់សំណល់ ពីសេវាថែទាំសុខភាព។ ក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានរៀបចំប្រកាសមួយ ក្នុងការពង្រឹងនិយ័តកម្មនៃ ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាពផងដែរ»

សូមបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត ដោយក្រុមហ៊ុន ប៊ុនលាង លី គ្លូប៊ល បានចូលរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ទើបក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល បានសម្រេចចិត្តដាក់ទុនវិនិយោគលើកាប្រមូលដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់វេជ្ជសាសស្ត្រ៕