(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា នាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកផែកម្ពុជា ក្រោយកំពង់ផែបានកែលំអ ខណៈពីមុននាវានេះចូលចតនៅប្រទេសដទៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ជាក់ស្ដែងក្រោយពេលដែលយើងធ្វើកាលពីថ្ងៃទី១៨ ប៉ុន្មានថ្ងៃមុន គឺមានកប៉ាល់មួយដែលចូលរួចមកហើយដែលមកពី ផែហ្វូស៊ី ប្រទេសចិនចូលមកត្រង់នៅកម្ពុជា ដឹកទំនិញមក ពីមុនគឺអត់ចូលបានទេ គឺដឹកចូលទៅលឹមច្បាងដោយចំណាយពេល ៧ទៅ៨ម៉ោងសម្រាប់ផ្ទេរឥវ៉ាន់ដឹកមកយើង»។
ថ្លែងមុខអង្គពិធីដែលមានកម្មករនិយោជិតជាង៣ម៉ឺននាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញតាមកំពង់ផែបាន ដឹកត្រង់ពីចិនមកកម្ពុជា និងដឹកត្រង់ពីកម្ពុជាទៅចិន ដោយមិនបាច់ពឹងពាក់ប្រទេសជិតខាង ដើម្បីផ្ទេរទំនិញ។ ការដឹកជញ្ជូនទំនិញដោយផ្ទាល់បានសន្សំសំចៃពេលវេលាបានច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសគឺកាត់បន្ថយការចំណាយបានច្រើនជាងមុន។
ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា នៅពេលកាត់បន្ថយចំណាយកាន់តែច្រើន កប៉ាល់ដឹកជញ្ជូននឹងកើនឡើងកាន់តែច្រើន ពោលគឺកើនឡើងនៃសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា និងកើនឡើងការងារជូនប្រជាពលរដ្ឋដែលជាចំណែកមួយក្នុងការអភិវឌ្ឍន៍ប្រទេស។
សូមជម្រាបថា លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះសារលើបណ្ដាញសង្គមបញ្ជាក់ថា៖ ការដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi (Jiangyin) ទៅខេត្តព្រះសីហនុបានបើកជាផ្លូវការនៅថ្ងៃទី ១៨ ខែឧសភា។ តាមការប៉ាន់ប្រមាណថារយៈពេលនៃការដឹកជញ្ជូននឹងត្រូវកាត់ខ្លីមកនៅត្រឹម ៧ ទៅ ១០ ថ្ងៃ។ ការកាត់បន្ថយផ្ទេរការដឹកជញ្ជូនក៏អាចសន្សំបានពី ២០% ទៅ ៣០% នៃថ្លៃដើមប្រតិបត្តិការនៅកំពង់ផែ៕