(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលធ្វើកិច្ចការជំហានគីង្គក់ក៏បានឱ្យតែទៅមុខ កុំឱ្យតែលោតថយក្រោយ ចង់អ្នកណាថាអ្វីថាទៅ យើងគិតតែពីធ្វើកិច្ចការរបស់យើង។ ការថ្លែងរបស់សម្ដេចបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែរសម្ដេចអញ្ជើញជាអធិបតី អបអរសាទរមានក្រុមហ៊ុនចំនួន២០០ បានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
អ្នកថាបានតែថា ខណៈអ្នកធ្វើគឺខិតខំខ្លាំងណាស់ មិនមែនជារឿងងាយស្រួលទេ ដែលធ្វើឱ្យគេទុកចិត្ត និងដាក់ទុនវិនិយោគមកកាន់ប្រទេសរបស់យើង។ អាស្រ័យហេតុនេះហើយបានជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា៖
«ជំហានគីង្គក់ក៏បាន ឱ្យតែលោតទៅមុខ កុំលោតថយក្រោយ ហើយលោតចំទិសដៅ កុំលោតធ្លាក់ចូលក្នុងជ្រោះស្លាប់ លោតមិនងាយទេ ទាញវិនិយោគ បង្កើតភាពទុកចិត្តមិនងាយទេ ត្រូវថែរក្សាឱ្យបាន ត្រូវធានាឱ្យបាន ត្រូវបញ្ជូនសមទ្ធផលតិចៗក៏ដោយ ក៏ត្រូវទៅមុខយើងអ្នកធ្វើមិនស្រួលទេ។ អ្នកថាគេថាលឿនណាស់។ ប៉ុន្តែយើងអ្នកធ្វើនៅទីនេះ ពីព្រឹករហូតដល់ល្ងាចគ្រាន់តែដេរខោអាវធ្វើបានប៉ុន្មាន? អ្នកខ្លះគ្រាន់តែឈរមើល យីធ្វើបានប៉ុណ្ណឹង ខ្ញុំធ្វើម៉ាភ្លេត ១ម៉ោងបានប៉ុន្នេះ! អើ!ធ្វើទៅ! តែយើងធ្វើបានប៉ុន្នេះ ត្រូវមោទនភាពនូវអ្វីដែលយើងធ្វើបាន ហើយរួមគ្នាថែរក្សា និងបង្កើតបន្ថែមទៀត ជូនប្រទេសជាតិ ប្រជាជនរបស់យើង ជាពិសេសវិស័យការងារជូនប្រជាជនរបស់យើងឱ្យបានច្រើន។ សូមបន្តធ្វើកិច្ចការងារនេះ!»។
ភាពរីកចម្រើនរបស់កម្ពុជា មានច្រើនណាស់ដោយមិនចាំបាច់រៀបរាប់នោះទេ ព្រោះប្រជាពលរដ្ឋ កម្មករ កម្មការិនី គឺបានឃើញ និងកំពុងទទួលបាននូវផ្លែផ្កាដោយផ្ទាល់រួចហើយ នៅក្នុងពេលបច្ចុប្បន្ននេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្ដេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាការកត់សម្គាល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា, ដោយតំបន់នេះ ត្រូវបានទទួលស្គាល់, គាំទ្រ និងមានការចុះ កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ»។
សូមជម្រាបថា គិតមកដល់ពេលនេះខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសកើនឡើងពី ៦៩សហគ្រាស និងកម្មករនិយោជិត ១០,៦១៩ នៅឆ្នាំ២០០៨ រហូតដល់ ៣,៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត ១១៥,៨៥៤នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមប្រមាណ ៣៥៩លានដុល្លារ ក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់តំបន់សេដ្ឋកិច្ចពិសេសទាំង៥ នៅខេត្តព្រះសីហនុ មានរោងចក សហគ្រាស សរុបចំនួន ៣២៧សហគ្រាស មានកម្មករនិយោជិតចំនួន ៤៦,៧៥០នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១៥០លានដុល្លារ ក្នុង១ឆ្នាំ។ ដែលទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគទន់ គួបផ្សំជាមួយការកសាងហេរដ្ឋារចនាសម្ព័ន្ធសម្បូបែប ជាពិសេសគឺប្រទេសកម្ពុជាមានសន្តិភាព និងស្ថេរភាពនយោបាយ៕