(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ដូចជាផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក មកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីអបអរសាទរក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចមួយយ៉ាងសំខាន់ និងជាប៉ូលសេដ្ឋកិច្ចទី២នៅកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ ហើយការទទួលបានកំណើនវិនិយោគជាបន្តបន្ទាប់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺបានចូលចំណែកពង្រឹងនូវសេដ្ឋកិច្ចខេត្ត ខណៈរដ្ឋាភិបាលនឹងគិតគូរកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវទឹក ផ្លូវគោកបន្ថែមទៀតផងដែរ។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវយើងកំពុងតែតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែមតាមរយៈការពង្រឹងផ្លូវដែក ការជីកព្រែកហ្វូណន ការធ្វើផ្លូវជាតិ៤៨ ផ្លូវជាតិ លេខ១០ ភ្ជាប់ទៅប៉ូលទី៥ ការរៀបចំផែនការមេ ជំរុញខេត្តជាប់សមុទ្រ ជាពិសេសខេត្តព្រះសីហនុ ហើយការពង្រឹងកំពង់ផែរបស់យើងដែលធ្វើយ៉ាងណាឱ្យកប៉ាល់ជាច្រើនដឹកជញ្ជូនចូលមកកម្ពុជាតែម្តង កាត់បន្ថយថ្លៃដឹកជញ្ជូន»។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក៏មាននាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិនមកកំពងផែកម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសក្នុងតំបន់ដូចមុន បន្ទាប់ពីកំពង់ផែក្រុងព្រះសីហនុបានកែលម្អរួច។
បើតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ ចំនួនរោងចក្រសហគ្រាស បានកើនឡើងពី ៦៩សហគ្រាស ជាមួយកម្មករនិយោជិត ១០,៦១៩ នៅឆ្នាំ២០០៨ រហូតដល់ ៣,៨៣៣ សហគ្រាស ជាមួយកម្មករនិយោជិត ១១៥,៨៥៤នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ៣៥៩លានដុល្លារ ក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់តំបន់សេដ្ឋកិច្ចពិសេសទាំង៥ នៅខេត្តព្រះសីហនុ មានរោងចក សហគ្រាស សរុបចំនួន ៣២៧សហគ្រាស មានកម្មករនិយោជិតចំនួន ៤៦,៧៥០នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១៥០លានដុល្លារ ក្នុង១ឆ្នាំ៕