(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និង ពិនិត្យលើវឌ្ឍនភាពការងារអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់ ធ្នាប់ សាធារណៈ និងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំសង្កាត់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ នូវរាល់ករណីបទល្មើសឆ្លងដែននានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា។

មួយវិញទៀត តាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមាន មន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះ ស្រាយបញ្ហាផ្សេង ៗជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន របស់ខ្លួន អោយបានទាន់ពេលវេលា។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងពីស្ថានភាពនៃការ អភិវឌ្ឍប្រទេសជាតិនា ពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុកខេត្តនៅទូទាំងប្រទេស ហើយទាំងអស់នេះមិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើផ្ទៃប្រទេស។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយ ការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជាពិសេសការបង្កើនប្រសិទ្ធភាព ការងារ ក្នុងការផ្តល់សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមាន ឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់ រាជរដ្ឋាភិបាល៕