(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។
អនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តក្នុងការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅតាម៖
*១៖ គ្រឹះស្ថានសិក្សាសាធារណៈ រួមមាន៖ សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ។
*២៖ អង្គភាពសុខាភិបាលមូលដ្ឋាន រួមមាន៖ ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្គ្រប់កម្រិត១ និងមន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្គ្រប់កម្រិត២។
ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅតាមក្រសួង ស្ថាប័នផ្សេងទៀត ត្រូវអនុវត្តផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាលតាមការស្នើរបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕