(ភ្នំពេញ)៖ លោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ​ បានថ្លែងកោតសរសើរកម្ពុជា គឺជាប្រទេសដែលមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ នៅក្នុងវិស័យអប់រំ។

ការថ្លែងកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី Jyotsana Varma អញ្ជើញចូលរួម ក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់ និងពិធីប្រគល់បញ្ញាបត្រ ដល់និស្សិត និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

លោកស្រី Jyotsana Varma បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ក្នុងវិស័យអប់រំ ជាមួយនឹងការកើនឡើងនៃអត្រាចុះ ឈ្មោះចូលរៀន ការបញ្ចប់ការសិក្សា និងលទ្ធផលសិក្សារបស់សិស្ស។ យើងសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ចំពោះសមិទ្ធផលទាំងនេះ»

ទន្ទឹមគ្នានេះ លោកស្រី Jyotsana Varma ​បានលើកឡើងថា ជាមួយនឹងការធ្វើឱ្យប្រសើរឡើង នូវវិទ្យាស្ថានជាតិអប់រំ និងកំណែទម្រង់ ដែលកំពុងដំណើរការផ្សេងទៀត ធនាគារអភិវឌ្ឍន៍អាស៊ី មានទំនុកចិត្តថា ប្រទេសកម្ពុជា នឹងបន្តពង្រឹងគុណភាព ប្រព័ន្ធអប់រំរបស់ខ្លួន។

បើតាមលោកស្រី Jyotsana Varma, ធនាគារអភិវឌ្ឍន៍អាស៊ីសង្ឃឹមថា នឹងមានឱកាសបន្តជំនួយគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ នាពេលអនាគត ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងវិស័យអាទិភាពផ្សេងទៀត តាមរយៈកម្មវិធីដូចជា មូលនិធិអភិវឌ្ឍ ន៍ជំនាញ និងភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម។

លោកស្រីបន្ដថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រដល់វិស័យអប់រំរបស់កម្ពុជា។ យើងនឹងបន្តកៀរគរជំនួយ ហិរញ្ញប្បទាន និងភាពជាដៃគូ ដើម្បីកសាងប្រព័ន្ធអប់រំ ប្រកបដោយគុណភាព និងអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកស្រី Jyotsana Varma ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការល្អពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងភាគីដែលពាក់ព័ន្ធដទៃទៀត ដែលបានចូលរួម ក្នុងគម្រោងដ៏សំខាន់នេះ៕