(ព្រះសីហនុ)៖ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែនខេត្តជាប់សមុទ្រ រួមមាន ខេត្តកែប កំពត កោះកុង និងខេត្តព្រះសីហនុ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកបណ្ឌិត ម៉ក់ ជីតូ បានបន្ដដឹកនាំប្រតិភូរបស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្តាច្រកទ្វារព្រំដែនសមុទ្រ ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន។
លោកបណ្ឌិត ម៉ក់ ជីតូ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានរៀបចំផែនការចុះបំពេញបេសកកម្ម ពិនិត្យសភាពការណ៍លំហូរគ្រឿងញៀន និងមានវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀន នៅគ្រប់ច្រកទ្វារព្រំដែន៕