(ភ្នំពេញ)៖ គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភា។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអង្គសិក្ខាសាលា ជាមួយនឹងវត្តមានចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិកា-រដ្ឋានសភាទាំងពីរ ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ក៏បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គវេទិកា។ ចំណែក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គសិក្ខាសាលាផងដែរ។

នៅក្នុងអង្គសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញអំពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» ដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការប្រារព្ធពិធីបិទអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវេលាថ្ងៃត្រង់ នាថ្ងៃដដែលនេះ៕