(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់ បង្កើត តម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាមួយនឹងជំនាញបច្ចេកទេស បទពិសោធ និងសុខភាព។
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «មូលធនមនុស្ស» ត្រូវតែប្រកបដោយ គុណតម្លៃខាង សីលធម៌ គុណធម៌ និងមនសិការផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា រាជរដ្ឋាភិបាលបាននឹងកំពុងវិនិយោគលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ គុណភាព និងសមត្ថភាព លើវិស័យអប់រំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិត គរុនិស្សិតទាំងអស់ចូលរួម ជាមួយរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំយុវជន និងកីឡា ក្នុងការសម្រេចបាននូវគោលដៅរួមក្នុងវិស័យអប់រំ និងក្នុងការកសាងធនធានមនុស្សដែលមានចំណេះដឹង ទូលំទូលាយ ជំនាញពិតប្រាកដ និងឥរិយាបថល្អ សំដៅចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកម្ពុជា ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព តាមរយៈការពង្រឹងនវានុវត្តន៍។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្ដីសង្ឃឹមថា សិស្ស និស្សិត គរុនិស្សិតទាំងអស់ នឹងខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឲ្យសាកសមជា ពលរដ្ឋល្អ មន្រ្តីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវចំណេះ និងជំនាញរបស់ខ្លួនប្រកបដោយ មនសិការ និងវិជ្ជាជីវៈ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើប្រជាពលរដ្ឋដោយស្មោះស ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ចំពោះ វិស័យអប់រំ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយសារវិស័យអប់រំ បានបណ្ដុះបណ្ដាលមនុស្សឲ្យមានចំណេះទូលំទូលាយ ជំនាញច្បាស់លាស់ និងធានានូវប្រសិទ្ធភាព ក្នុងវិស័យអប់រំ ប្រកបដោយ សីលធម៌ បរិយាបន្ន ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច។
បើតាមប្រសាសន៍របស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី, ចំណេះដឹង មិនត្រឹមតែអាចជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមជាតិនោះទេ។ ជាក់ស្ដែង អ្នកសិក្សា អាចសន្សំបានចំណេះដឹងដែលមិនចេះរីងស្ងួត និងអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ខ្លួន និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ ការវិនិយោគ និងសហគ្រិនជាដើម។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននឹងកំពុង វិភាជថវិកាជាតិយ៉ាងច្រើន សម្រាប់កសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំ មានជាអាទិ៍៖ គ្រឹះស្ថានឧត្តមសិក្សា, មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស, សាលារៀន, បណ្ណាល័យ ជាដើម។ ជាលទ្ធផល, គ្រឹះស្ថានបណ្ដុះបណ្តាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន បាននិងកំពុងរីកលូតលាស់ឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាល ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើងនូវចំនួនសិស្ស-និស្សិតកម្ពុជា ចូលរួម និង ទទួលបាន ជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និង គណិតវិទ្យា ទាំងនៅកម្រិតតំបន់ និងអន្តរជាតិ។
ថ្លែងលើអង្គវេទិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន តាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វផ្សាយវេទិកាឌីជីថល ឲ្យបានទូលំទូលាយ និងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិតផងដែរ៕