(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា-ឌីជីថល ដល់គ្រូបង្រៀន តាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀន និងការរៀន។ ការណែនាំរបស់សម្ដេចនាយករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចបានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
បន្ថែមពីនេះ ការកែលម្អមាតិកាឌីជីថល ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ព្រមជាមួយការផ្សព្វផ្សាយវេទិកាឌីជីថលឱ្យបានទូលំទូលាយ និងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិត ក៏ជាអ្វីដែលសម្ដេចនាយករដ្ឋមន្រ្តីបានណែនាំទៅកាន់ក្រសួងអប់រំយុវជន និងកីឡាផងដែរ។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តលើកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដល់គ្រូបង្រៀនតាមរយៈការបញ្ចូលបច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀន និងការរៀន ការកែលម្អរមាតិការឌីជីថល ការបង្កើតមជ្ឈមណ្ឌលឌីជីថល ការផ្សព្វផ្សាយវេទិការឌីជីថល ឱ្យបានទូលំទូលាយ និងការធ្វើទំនើបបកម្ម ការបណ្ដុះបណ្ដាលនាយកសាលាគ្រប់កម្រិត»។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមទៅកាន់ក្រសួងអប់រំយុវជននិងកីឡា ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលដៃគូ ដោយត្រូវបង្កើនគុណវុឌ្ឍគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញបង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការនៃការអប់រំ ក្នុងសតវត្សរ៍ទី២១ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្ដង់ដាសាលាគរុកោសល្យគំរូ»។
សម្ដេចមហាបវរធិបតី ក៏បានជម្រុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្ត្រថ្មី នៃការបង្រៀន, ការរៀន និងការវាយតម្លៃដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិននៃការគិត និងការដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និងភាពច្នៃប្រឌិតខ្ពស់ផងដែរ៕