(កំពង់ធំ)៖ លោក ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធី ខួបលើកទី៨ «ទិវាជាតិនៃការចងចាំ» ២០ឧសភា ឆ្នាំ២០២៥ ដែលបានប្រារព្វធ្វើឡើងនៅសាលាធម្មសភា ក្នុងវត្តក្តីចារីយ៍ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីនេះអមដំណើរដោយលោក សេង សាវន អនុប្រធានក្រុមការងារ និងមានការនិមន្ត និងចូលរួមពីក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដី ប្រធាន អនុប្រធានភូមិ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ជាង៤០០នាក់។

បន្ទាប់ពីប្រគេនទេយ្យវត្ថុ អុជធូប និងបង្សុកូល ឧទ្ទិសបុណ្យសលដល់បងប្អូនជនរួមជាតិខ្មែរដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរម្លឹកឡើងវិញនូវទុក្ខវេទនារបស់ប្រជាជនកម្ពុជា ចន្លោះពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦មករា ឆ្នាំ១៩៧៩ និងស្តាប់វិយោគកថា អានដោយលោក ជឹម ជឿង ប្រធានក្រុមប្រឹក្សាឃុំកំពង់ស្វាយរួចមក, លោក ទិត សុធា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ២០ឧសភា បានរម្លឹកឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដើម្បីកុំឱ្យមានការវិលត្រឡប់នៃរបបខ្មែរក្រហមសារជាថ្មី មកបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជាម្តងទៀត។

ទិវាជាតិនៃការចងចាំ ជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ។ បន្ថែមលើនេះ គឺប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងទប់ស្កាត់កុំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្តរាយជាលើកទី២។

លោក ទិត សុធា បានសង្កត់ធ្ងន់ថា ការរំលឹកដល់ថ្ងៃឈឺចាប់២០ ឧសភានេះ គឺយើងទាំងអស់គ្នាត្រូវដឹងគុណថ្ងៃរំដោះ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ នៃការរស់រានមានជីវិតផុតពីការកាប់សម្លាប់ និងត្រូវប្តេជ្ញាចិត្តជាធ្លុងមួយចូលរួមទប់ស្កាត់កុំឱ្យមានការបែកបាក់ជាតិ ការឈឺចាប់ខ្លោចផ្សា និងទុក្ខវេទនានៃសង្រ្គាមកើតមានជាថ្មីដូចពីអតីតកាល។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមកុំជឿលុងនឹងការញុះញង់ មួលបង្កាច់ បំភ្លើសអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រ ៧មករា ហើយក៏ត្រូវចងចាំ និងដឹងគុណជានិច្ចដល់វីរយុទ្ធជនអ្នកស្នេហាជាតិ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានពលិកម្ម យកអាយុជីវិតធ្វើជាដើមទុន បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ និងការស្វែងរកបាននូវសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨។

លោក ទិត សុធា បានបន្ថែមថា៖ «ដើម្បីកុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត»