(ភ្នំពេញ)៖ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ មានមោទកភាពក្នុងការប្រកាស ពីការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងស្ទូឌីយោ Camwood ដែលជាផ្នែកមួយរបស់ CBS និងក្រុមហ៊ុនឌឺស្ទូឌីយោ (The Studio) ដែលជាផលិតកម្មដ៏ល្បីល្បាញ នៅលើពិភពលោកមានមូលដ្ឋាននៅហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា ដែលខ្សែភាពយន្តជាច្រើនរបស់ពួកគេ ទទួលបានពានរង្វាន់នៅក្នុងមហោស្រពភាពយន្តឈានមុខគេ ដូចជា Sundance និង Cannes ដែលមានអ្នកទស្សនាជាង១ពាន់លាននាក់ នៅទូទាំងពិភពលោក។
ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ គឺជាការបើកទំព័រសករាជថ្មីមួយ សម្រាប់ឧស្សាហកម្មភាពយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាគោលដៅចម្បងសម្រាប់ការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក ខណៈក្រុមហ៊ុនទាំងពីរ ត្រៀមនឹងសហការគ្នាដើម្បីផលិតរឿងភាគ និងខ្សែភាពយន្តដែលមានភាពច្នៃប្រឌិត និងបង្ហាញពីភាពវិជ្ជមាន នៃសង្គមជាតិ សម្រាប់វេទិកាផ្សព្វផ្សាយអន្តរជាតិសំខាន់ៗ រួមមាន Amazon Prime Video, Netflix, Shahid និង HBO Max។
ស្ថិតក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ឌឺស្ទូឌីយោ នឹងអញ្ជើញតារាលំដាប់អន្តរជាតិ និងតារាដែលមានទេពកោសល្យមកកាន់ប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្ត ក្នុងការ ផ្លាស់ប្ដូរបទពិសោធន៏ដើម្បីលើកកម្ពស់នូវភាពច្នៃប្រឌិតក្នុងវិស័យភាពយន្តរបស់ប្រទេសកម្ពុជា និងការផលិតកម្មវិធីលំដាប់ថ្នាក់អន្តរជាតិរហូតដល់ ១០ គម្រោង តាមរយៈភាពជាដៃគូជាមួយស្ទូឌីយោ Camwood។
តាមរយៈអនុស្សរណៈនេះ ស្ទូឌីយោ Camwood នឹងផ្តល់ជូនវិញនូវសេវាកម្ម និងការគាំទ្រគ្រប់ជ្រុងជ្រោយ ក្នុងដំណើរការនៃការផលិតភាពយន្ត ដោយអនុញ្ញាតឱ្យប្រើប្រាស់ នូវស្ទូឌីយោដ៏ទំនើបបំផុតរបស់ខ្លួន ចំនួន៦ស្ទូឌីយោ ព្រមទាំងផ្ដល់នូវការសម្របសម្រួលពីក្រុមបច្ចេកទេស ដែលមានជំនាញច្បាស់លាស់ និងផ្នែកកាត់ត ពីពេលចាប់ផ្ដើមរហូតដល់ចុងបញ្ចប់នៃដំណើរការផលិត។
កិច្ចសហការនេះ តំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការទាក់ទាញតារាអន្តរជាតិ និងការកំណត់ស្ដង់ដាខ្ពស់ ភាពជាដៃគូនេះ នឹងចូលរួមបង្កើតការងារបន្ថែម ផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញក្នុងស្រុក ព្រមទាំងបង្ហាញពីវប្បធម៌ដ៏រស់រវើក និងទីតាំងដ៏ស្រស់ស្អាតនានារបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានថ្លែងថា «កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ពួកយើង ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅទីតាំងដ៏សំខាន់ សម្រាប់ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍អន្តរជាតិ។ ពួកយើងមិនត្រឹមតែបង្កើតមាតិកាលំដាប់ថ្នាក់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងប្រព័ន្ធអេកូឡូស៊ី ដែលមានភាពច្នៃប្រឌិតដើម្បីជួយលើកកម្ពស់តារាក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី សហស្ថាបនិក និងអ្នកដឹកនាំដ៏ល្បីល្បាញ ចំនួនពីររូប រួមមាន លោកស្រី Sandy Grigsby និង លោក Ken Rutkowski ក្នុងការអបអរសាទរភាពជាដៃគូដ៏សំខាន់នេះ។ ព្រឹត្ដិការណ៍នេះ បានធ្វើឡើងស្របពេលជាមួយនឹងសមិទ្ធិផលសំខាន់ៗប្រចាំឆ្នាំរបស់ CBS និងស្ទូឌីយោ Camwood។
CBS ត្រូវបានទទួលស្គាល់ទូទាំងទ្វីបអាស៊ី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្លាស់ប្ដូរឌីជីថល ដោយបានទាក់ទាញទស្សនិកជននៅក្រៅប្រទេសកាន់តែច្រើនឡើង និងកំពុងឈានមុខគេនៅក្នុងបរិបទថ្មីនៃការចែកចាយមាតិកា។
ក្នុងចំណោមសមិទ្ធផលជាច្រើនក្នុងពេលថ្មីៗនេះ កម្មវិធី MasterChef Cambodia របស់ CBS ជាកម្មវិធីមួយដែលត្រូវបានដាក់បញ្ចូលក្នុងបេក្ខភាពសម្រាប់ពានរង្វាន់ International Emmy Award ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃភាពច្នៃប្រឌិតរបស់ឧស្សាហកម្មទូរទស្សន៍របស់កម្ពុជា។
លោក Ken Rutkowski បានថ្លែងថា «សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងរចនាសម្ព័ន្ធនៃការផលិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស បានធ្វើឱ្យកម្ពុជា ក្លាយជាទីតាំងដ៏ល្អ សម្រាប់ការផលិតភាពយន្ត សម្រាប់ពិភពលោក។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយស្ទូឌីយោ Camwood និង CBS ដើម្បីកំណត់ស្តង់ដាថ្មី សម្រាប់កិច្ចសហការអន្តរជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
សូមជម្រាបថា CBS គឺជាក្រុមហ៊ុនផ្សព្វផ្សាយដ៏ធំបំផុត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ប្រទេសកម្ពុជា ដែលមានទស្សនិកជនរាប់លាននាក់កំពុងទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ និង ឌីជីថល។ ស្ទូឌីយោ Camwood ដែលជាផ្នែកមួយរបស់ CBS គឺជាទីតាំងផលិតដែលត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗចុងក្រោយ ដើម្បីគាំទ្រដល់ការផលិតខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍កម្រិតស្តង់ដាអន្តរជាតិ ជាមួយនឹងក្រុមអ្នកជំនាញដែលឈានមុខគេក្នុងឧស្សាហកម្មនេះ៕