(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញពិនិត្យការដ្ឋាន សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍ថា ក្រោយពីការបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលមានទំហំជាង ៣១៨ ម៉ែត្រការ៉េ គិតមកដល់ពេលនេះមានរយៈពេលសាងសង់ចំនួន២០ថ្ងៃ ហើយលទ្ធផល នៃការសាងសង់មកដល់ថ្ងៃនេះបានប្រមាណ៣៥% ហើយគ្រោងបញ្ចប់ នៃការសាងសង់ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។
ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណក្រុមជាងសំណង់រួមជាមួយឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានចុះមកពិនិត្យការសាងសង់នេះ ដើម្បីឲ្យសមស្របតាមប្លង់ និងលក្ខណៈបច្ចេកទេស ដែលបានគ្រោងទុក និងបានណែនាំក្រុមជាងសំណង់ ធ្វើការកែសម្រួលអំពីគំរូប្លង់មួយចំនួនដែលមិនទាន់សមស្រប ដើម្បីធានាឲ្យការបំពេញភារកិច្ច បម្រើអតីតយុទ្ធជនស្របតាមការអភិវឌ្ឍន៍រីកចម្រើនថ្មីនៃប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ការគាំទ្រឲ្យដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដារាជធានីខេត្តនៅទូទាំងប្រទេស ដើម្បីបម្រើនិរន្តរភាពជូនអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
លោក គន់ គីម បានណែនាំឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវរៀបចំធ្វើរបងបែកខាងមុខ និងរៀបចំការដាំដើមឈើ ដើម្បីជាម្លប់ និងធ្វើឲ្យសោភ័ណភាពអាគារសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំយើង ឲ្យកាន់តែល្អប្រសើរឡើង៕