(សៀមរាប)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរងអាស៊ាន, នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center), ប្រធានប្រតិភូបណ្តាប្រទេសរដ្ឋជាសមាជិកអាស៊ាន, ថ្នាក់ដឹកនាំ(គ.ជ.គ.ម), តំណាងក្រសួង-ស្ថាប័ន, អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត, ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

នាឱកាសនោះ ទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គលេខាធិការរងអាស៊ាន, នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center), ប្រធានប្រតិភូបណ្តាប្រទេសរដ្ឋជាសមាជិក អាស៊ាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ ក្រោមប្រធានបទ "២០ឆ្នាំអាត់ម៊ែរ (AADMER) ដែលជាចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់នឹងគ្រោះមហន្តរាយ។

ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពរួម និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះតំបន់ប្រកបដោយភាពរឹងមាំ និងធន់ជាងមុន។ ទេសរដ្ឋមន្រ្តី ថ្លែងថា ការបន្តការចូលរួម និងការគាំទ្ររបស់ប្រធានប្រតិភូបណ្តាប្រទេសរដ្ឋជាសមាជិកអាស៊ាន មានសារៈសំខាន់នៅពេលសមាជិកទាំងអស់ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់លើកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) ជាវេទិកាថ្នាក់តំបន់ដ៏សំខាន់សម្រាប់ ជំរុញការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន ដែលមានកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្រ្គោះបន្ទាន់ (អាត់ម៊ែរ) ជាមគ្គុទេ្ទសក៍។

ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន មានកាតព្វកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ដំណាក់កាលនៃការគ្រប់គ្រងគ្រោះមហន្តរាយ ពោលគឺការត្រៀមបង្ការ ការកាត់បន្ថយ ការត្រៀមរៀបចំ ការឆ្លើយតប និងការស្តារឡើងវិញ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃគ្រោះមហន្តរាយទៅលើសហគមន៍ និងសេដ្ឋកិច្ចរបស់អាស៊ាន។

ទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា ប្រធានបទនៅឆ្នាំនេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អាស៊ាន ក្នុងការជំរុញបរិយាប័ន្ន ភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ពិសេសការប្រារព្ធខួបលើកទី២០ឆ្នាំនៃអាត់ម៊ែរ (AADMER) បានឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់អាស៊ាន ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាន និងកំណត់មាគ៌ាសម្រាប់អនាគត។

ទេសរដ្ឋមន្រ្តី លើកឡើងថា តាមរយៈការអនុម័តលើសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីអាស៊ានស្តីពី២០ឆ្នាំនៃអាត់ម៊ែរ (AADMER) នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់អាស៊ានកំពុងដំណើរការរៀបចំ កសាងកម្មវិធីការងារអាត់ម៊ែរ ឆ្នាំ២០២៦-២០៣០ ស្របតាមផែនការយុទ្ធសាស្រ្ត សហគមន៍សង្គម-វប្បធម៌អាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ដើម្បីនាំអាស៊ានឆ្ពោះទៅកាន់អាស៊ានប្រកបដោយភាពធន់ជាងមុន នវានុវត្តន៍ និងប្រជាជនជាចំណុចស្នូល។

ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទេសរដ្ឋមន្រ្តី បានបន្តជំរុញកិច្ចសន្ទនាជាមួយអង្គការក្នុងតំបន់ និងអន្តរ-រដ្ឋាភិបាលនានា តាមរយៈកិច្ចសន្ទនា អន្តរតំបន់អាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ (AIDDR) និងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា រួមទាំងដៃគូសន្ទនាតាមវិស័យទីភ្នាក់ងារអភិវឌ្ឍន៍ក្រុមភាពជាដៃគូអាត់ម៊ែរ (AADMER) ទីភ្នាក់ងារអង្គការសហប្រជាជាតិ ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ បណ្ឌិតសភា ស្ថាប័នអ្នកស្រាវជ្រាវ និងយុវជន ក្នុងការលើកកម្ពស់ របៀបវារៈនៃភាពធន់រួមរបស់អាស៊ាន៕