(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៅពេលអភិវឌ្ឍន៍តំបន់ត្រូវរក្សា

ធនធានធម្មជាតិឲ្យបានច្រើនដែលជាចំណែកជម្រុញទេសចរធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្ដេចមហាបវរធិបតី ក៏បានណែនាំឲ្យគិតគូរអំពី វិធីសាស្រ្តទាក់ទាញភ្ញៀវទេសចរក្នុងស្រុក កុំផ្ដោតតែភ្ញៀវទេសចរក្រៅស្រុក ខណៈទេសចរក្នុងស្រុកក៏មានសក្ដានុពលខ្ពស់ដូចគ្នា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «អភិវឌ្ឍន៍ដោយចីរភាព ត្រូវរក្សាធម្មជាតិឲ្យសល់បានច្រើន […] កុំផ្ដោតតែទេសចរក្រៅប្រទេស ទេសចរក្នុងស្រុកច្រើនណាស់ ហើយប្រជាពលរដ្ឋយើងមានលទ្ធភាព ឥឡូវពិតណាស់មុនកូវីដមានលទ្ធភាពច្រើន ឥឡូវក៏មិនណយដែរ»

បើតាមប្រសាសន៍របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី, បច្ចុប្បន្ននេះចំនួនភ្ញៀវទេសចរហាក់មានការងើបឡើងវិញគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងចុងសប្ដាហ៍កន្លងទៅនេះ ទេសចរជាច្រើនសម្រុកទៅលេងកម្សាន្តនៅខេត្តកោះកុង ដែលធ្វើឲ្យតាមបណ្ដាផ្ទះសំណាក់ សណ្ឋាគារមិនមានសមត្ថភាពទទួលភ្ញៀវបាន ពោលដោយសារចំនួនភ្ញៀវច្រើន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញភាពជឿជាក់ថា បន្ទាប់ពីផ្លូវជាតិលេខ៤៨ សាងសង់រួចរាល់ភ្ញៀវទេសចរទៅកាន់ខេត្តមាត់សមុទ្រមួយនេះ នឹងមានភ្ញៀវទេសចរកើនឡើងជាបន្តបន្ទាប់។ ដូច្នេះស្ថាប័នដែលពាក់ព័ន្ធត្រូវតែម្ចាស់ការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលភ្ញៀវទេចរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំបន្ថែមទៀតថា រដ្ឋបាលខេត្តសាមីត្រូវយកចិត្តទុកដាក់បណ្ដុះបណ្ដាលប្រជាសហគមន៍ឲ្យមានសមត្ថភាព ដើម្បីអាចទទួលបដិសណ្ឋារកិច្ចភ្ញៀវបានល្អ៕