(ភ្នំពេញ)៖ មេដឹកនាំពិតប្រាកដភាគច្រើន មានវត្តមានលេចឡើងក្នុងសម័យសង្គ្រាម ដោយសារតែតម្រូវការក្នុងសង្គ្រាមចម្បាំង ប្រយុទ្ធដើម្បីបញ្ចប់ជម្លោះជាតិ ឬស្វែងរកសន្តិភាពមួយដែលស្ថិតស្ថេរ។ កាលពីអតីតកាល នៅក្នុងអរិយធម៌ខ្លះមេដឹកនាំពិតប្រាកដពិបាកនឹងស្វែងរក។ ក្នុងបរិបទខ្លះ ពុំមានមេដឹកនាំពិតប្រាកដណាមួយរូបឡើយ ហើយអរិយធម៌ទាំងនោះក៏រលត់រលាយបាត់បង់រហូតទៅ។ នៅក្នុងករណីប្រទេសកម្ពុជាវិញ ទោះបីជាឆ្លងកាត់សោកនាធកម្មនៃសង្គ្រាម ក៏ដូចជាសង្គ្រាមស៊ីវិលដែលបានវាយប្រហារ ឬលេបត្របាក់ប្រទេសជាតិនិងប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យក្រោយអាណានិគមក៏ដោយ ក៏យើងមានសម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីគ្រួសារកសិករ បានក្លាយជាមេដឹកនាំមួយរូបដ៏លេចធ្លោ ដែលបានតស៊ូ និងនាំយកនូវភាពជោគជ័យក្នុងសមរភូមិយោធា និងកិច្ចការប្រទេសជាតិអស់រយៈពេលយ៉ាងតិចណាស់ក៏ពាក់កណ្តាលសតវត្សដែរ។ លោកបានក្លាយជាមេដឹកនាំមួយរូប ដែលកើតមកមានទេពកោសល្យពិសេស ប្រាជ្ញាវាងវៃ ភាពក្លាហាន និងឆន្ទៈក្នុងការទទួលបានសន្តិភាព ធានាការបង្រួបបង្រួមជាតិ និងការពារយុត្តិធម៌របស់ប្រជាពលរដ្ឋតាមរយៈការប្តេជ្ញាចិត្តដោយខ្លួនឯង ភក្តីភាព និងការលះបង់។ ដោយបានកើតក្នុងសម័យសង្រ្គាមត្រជាក់ សង្គ្រាមនោះនិងសង្រ្គាមស៊ីវិលបានឆក់ប្លន់យកកុមារភាពរបស់លោកគ្មានសេសសល់ ដែលធ្វើឱ្យលោកបាត់បង់ឱកាសក្នុងការទទួលបាននូវការសិក្សាអប់រំផ្លូវការ រួមទាំងសេវាសុខាភិបាល និងសិទ្ធិសេរីភាពផ្សេងៗទៀត មិនដូចកុមារផ្សេងទៀតដែលរស់ក្នុងសម័យសន្តិភាពនោះឡើយ។ ដោយលោកបានទទួលការហ្វឹកហាត់ និងបណ្តុះបណ្តាលជាទាហានវ័យក្មេងក្នុងពេលនោះ លោកបានស្គាល់ច្បាស់អំពីអាវុធ គ្រឿងផ្ទុះ និងមុខងារយោធាផ្សេងៗទៀតក្នុងការការពារសន្តិភាព សន្តិសុខ និងស្ថិរភាព។ លើសពីនេះទៅទៀត លោកជាអ្នករៀនសូត្រម្នាក់ ដ៏ឈ្លាសវៃ ដែលចង់ដឹងចង់ស្គាល់ ហើយឆាប់ចេះឆាប់ចាំ។ លោកបានទទួលយកភាពប្រាកដនិយម និងការអនុវត្តជាក់ស្តែងក្នុងការធ្វើផែនការ ការអភិវឌ្ឍយុទ្ធសាស្ត្រ និងការប្រតិបត្តិ។ សរុបមក លោកគឺជាមេដឹកនាំម្នាក់ដែលមានលក្ខណសម្បត្តិជាមេដឹកនាំពីកំណើត និងតាមរយៈការរៀនសូត្រដកស្រង់បទពិសោធន៍ ដោយមានទាំងទេពកោសល្យ និងបទពិសោធន៍ដែលមនុស្សភាគច្រើនមិនអាចប្រៀបផ្ទឹមបាន។

សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអាយុ ២៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៣៨ឆ្នាំ។ វាជាពេលវេលាដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា នាប៉ុន្មានទសវត្សរ៍ថ្មីៗកន្លងទៅនេះ។ សម្តេចហ៊ុន សែន ត្រូវទទួលខុសត្រូវយ៉ាងធំធេង រាប់ចាប់ពីការទប់ស្កាត់យ៉ាងសកម្មប្រឆាំងការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ រហូតដល់ការកសាងស្ថាប័ន និងឈានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ម្យ៉ាងទៀតត្រូវទប់ទល់ភាពឯកោដោយអយុត្តិធម៌ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសំណាក់ប្រទេសលោកខាងលិចដែលគាំទ្រអាសនៈអង្គការសហប្រជាជាតិនៃកម្ពុជាដែលក្នុងពេលនោះ ស្ថិតក្នុងដៃរបស់ខ្មែរក្រហមរហូតដល់ឆ្នាំ១៩៨២។ សម្តេចបានខិតខំប្រឹងប្រែងឥតឈប់ឈរ ទោះបីជាត្រូវប្រឈមបញ្ហាដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។ ការចូលរួមរបស់លោកក្នុងការកសាងសន្តិភាព និងការស្តារប្រទេសកម្ពុជាឡើងវិញក្រោយសង្រ្គាម និងក្នុងនិម្មាបនកម្មក្នុងតំបន់ទន្លេមេគង្គ និងអាស៊ាន ពិតជាមិនអាចមើលរំលងបានឡើយ។ គោលនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្រ្គាមដ៏ជោគជ័យបំផុតរបស់សម្តេចដែលបានប្រកាសក្នុងឆ្នាំ១៩៩៦ បាននាំមកនូវសន្តិភាពជាវិជ្ជមាន និងបានធ្វើឱ្យអាស៊ានមានភាពរឹងមាំក្នុងការពង្រឹង និងពង្រីកសមាហរណកម្មក្នុងតំបន់ និងការកសាងសហគមន៍។ ជាមួយនឹងសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់កម្ពុជា តំបន់មេគង្គ និងអាស៊ានអាចទទួលបាននូវសន្តិភាព និងវិបុលភាព។ ដូច្នេះ សន្តិភាពដែលកម្ពុជាសម្រេចបាន មានអត្ថប្រយោជន៍យ៉ាងធំធេងនៅក្នុងតំបន់ និងពិភពលោក។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេច កម្ពុជាអាចប្រែក្លាយខ្លួនជាយ៉ាងឆាប់រហ័សពីចំណុចសូន្យ ដោយបានកសាងប្រទេសពីគំនរបាក់បែក ទៅជាប្រទេសមានការរីកចម្រើនកម្រិតមធ្យម ដែលដឹកនាំបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីក្នុងយុគសម័យថ្មី។ ភាពទំនើប និងវឌ្ឍនភាពសង្គមបានកើតឡើងដោយគោលនយោបាយឈ្នះ-ឈ្នះ ដែលបញ្ចប់សង្គ្រាមដ៏ជោគជ័យបំផុតរបស់លោកដែលបានប្រកាសក្នុងឆ្នាំ១៩៩៦ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទាំងនេះបានកើតឡើងបន្ទាប់ពីដំណើរការកសាងសន្តិភាពយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំ ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៨០។ ឆ្នាំនេះ គឺជាខួបលើកទី ៣២ នៃព្រះរាជាណាចក្រកម្ពុជាទីពីរ បន្ទាប់ពីការបោះឆ្នោតសកលលើកទី១ ដែលបានធ្វើឡើងក្នុងឆ្នាំ១៩៩៣។ ឆ្នាំនេះក៏ជាខួបលើកទី ៣២ នៃការអនុម័ត និងប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលដាក់បញ្ចូលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងអនុញ្ញាតឱ្យមានសេរីភាពសាសនា និងសេរីភាពគ្រប់បែបយ៉ាងដោយគោរពតាមច្បាប់ជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ បានស្ដារឡើងវិញនូវសិទ្ធិ និងសេរីភាពជាមូលដ្ឋាន របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ក្នុងចំណោមនោះបង្កើតបានជាទំព័រនៃជីវិតថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលនាំឱ្យមានការរីកចំរើន អភិវឌ្ឍន៍ និងវិបុលភាពរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន ទទួលបានការទទួលស្គាល់ដ៏ខ្ពង់ខ្ពស់ល្បីរន្ទឺ ជារដ្ឋបុរសដ៏គួរឱ្យគោរពមួយ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់សហគមន៍អាស៊ីអាគ្នេយ៍ដ៏មហិមាទាំងមូលផងដែរ។ សម្តេចបានទទួលនូវការបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុតនិងជាការផ្តល់កិត្តិយសដ៏ធំធេងពីប្រទេសទីម័រឡេស្តេ។ គួររំលឹកផងដែរថា សម្តេចបានទទួលពានរង្វាន់សន្តិភាព ស៊ុនហាក់ នៅឆ្នាំ២០២២ (Sunhak Peace Prize) ការប្រគល់គោរមងារកិត្តិយស«ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ ពីសកលវិទ្យាល័យជាតិប៉ាដាង នៃប្រទេសឥណ្ឌូនេស៊ី, សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព នៅឆ្នាំ២០២៤ ពីសកលវិទ្យាល័យដុងហ្គុក នៃប្រទេសកូរ៉េខាងត្បូង, ពានរង្វាន់សតវត្សអាស៊ាននៃសន្និសិទ្ធអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្នុងឆ្នាំ២០២៤ មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ព្រមទាំងសញ្ញាបត្របណ្ឌិតកិត្តិយស ការទទួលស្គាល់ និងពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនទៀត ពីគ្រប់បណ្តប្រព័ន្ធនយោបាយ និងជំនឿសាសនាទាំងអស់ រួមទាំងប្រទេសដែលជាពុទ្ធសាសនា គ្រិស្តសាសនា ឥស្លាម និងហិណ្ឌូ ចំពោះការលះបង់អស់មួយជីវិតរបស់លោកក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេគោរព និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីមេដឹកនាំអាស៊ី និងទូទាំងទ្វីប ក្នុងការអនុវត្តនូវសុខសន្តិភាព និងការដឹកនាំប្រកបដោយសន្តិភាព។ បទពិសោធន៍ ប្រាជ្ញា និងការយល់ដឹងរបស់សម្តេចត្រូវបានមនុស្សជាច្រើនស្វែងរក និងស្វែងយល់ ហើយសម្តេចតែងតែរីករាយនឹងចែករំលែកនៅពេលលោកធ្វើដំណើរជុំវិញពិភពលោក។ ជាការពិតណាស់ ដំណើរស្វែងរកសន្តិភាពរបស់សម្តេចក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងការចរចាសន្តិភាព វីរជនរំដោះប្រទេស និងជារដ្ឋបុរសនៃទ្វីបអាស៊ីដែលមានចក្ខុវិស័យ បានជួយឱ្យមានការកសាងជាតិ និងទំនើបភាវូបនីយកម្មរបស់ប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ហើយសម្តេចក៏អាចធ្វើការរួមគ្នាជាមួយមេដឹកនាំក្នុងតំបន់ និងពិភពលោក ជំនាន់ផ្សេងៗគ្នាបានយ៉ាងល្អផងដែរ។ គេជឿថា មតិឯកភាពប្រាំចំណុចដែលត្រូវបានអនុម័តដោយមេដឹកនាំអាស៊ាននៅតែជាកម្លាំងដ៏ខ្លាំងក្លា ទោះបីជាបញ្ហាប្រឈមនៅតែកើតមានក៏ដោយ។ ជាការពិតណាស់ សម្តេចតេជោ ហ៊ុន សែន ក៏ជាអ្នកផ្សព្វផ្សាយ និងគាំទ្រយ៉ាងខ្លាំងក្លាចំពោះសមាហរណកម្មអាស៊ានរបស់ទីម័រខាងកើតផងដែរ។ កត្តាសំខាន់នៅពេលដែលទីម័រខាងកើតបានចូលជាសមាជិកអាស៊ានជាផ្លូវការនោះ តំបន់ និងពិភពលោកនឹងប្រារព្ធធ្វើសមាហរណកម្មប្រកបដោយជោគជ័យនៃសមាជិកអាស៊ានទាំង ១១ ដើម្បីក្លាយជាក្រុមតំបន់ដែលមានភាពធន់ខ្ពស់ សន្តិភាព បរិយាប័ន្ន វិបុលភាព និងរឹងមាំក្នុងដំណើរការកសាងសហគមន៍អាស៊ាន ដើម្បីកំណើន ការអភិវឌ្ឍ និងវិបុលភាពរួម។

សរុបមក ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់សម្តេច ហ៊ុន សែន បង្ហាញពីសេចក្តីប្រាថ្នារួមទាំងនេះ និងជាចំណុចកំពូលប្រកបដោយប្រសិទ្ធភាពនៃពហុភាគីនិយម តំបន់ សកលភាវូបនីយកម្ម និងបរិយាប័ន្នអាស៊ាន និងរដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការពង្រឹងកម្លាំងរួម ភាពស៊ីសង្វាក់គ្នា និងភាពជាដៃគូដែលជំរុញសន្តិភាព សន្តិសុខ និងវិបុលភាពរួមសម្រាប់មនុស្សជាតិ។ ក្នុងចំណុចនេះ ចក្ខុវិស័យ បំណងប្រាជ្ញា និងកេរដំណែលរបស់សម្តេចបានបំផុសគំនិតមនុស្សជាច្រើន ហើយនឹងបន្តបំភ្លឺផ្លូវ និងការរស់នៅសម្រាប់មនុស្សជំនាន់ក្រោយដើម្បីរៀនសូត្រ និងអនុវត្តបន្ត៕

ដោយ៖ បណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី