(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជា ឈរកាន់តែរឹងមាំដោយខ្លួនឯង ខណៈធ្លាប់តែទទួលជំនួយពីគេពេលនេះក៏អាចចែករំលែកជំនួយទៅកាន់ប្រទេសដទៃទៀតបាន។ បែបនេះរបស់លោក ប៉ែន បូណា តាមរយៈវេទិកាសារព័ត៌មានលើកទី៧ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ប៉ែន បូណា លើកឡើងយ៉ាងដូច្នេះថា «កម្ពុជាលែងជាប្រទេសដ៏កំសត់ដ៏គួរឲ្យអាណិតដូចមុនទៀតហើយ ប៉ុន្តែ ជាប្រទេសដ៏គួរឲ្យរាប់អាននិងគួរឲ្យចាប់អារម្មណ៍ធ្វើជាដៃគូ […] កម្ពុជាដែលពីមុនធ្លាប់ជាប្រទេសត្រូវការកងរក្សាសន្តិភាព និងអ្នកជំនាញដោះគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីបរទេស ឥឡូវ បានបញ្ជូនកងទ័ពមួកខៀវរបស់យើងទៅចូលរួមថែរក្សាសន្តិភាពក្នុងប្រទេសជាច្រើនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា កម្ពុជា បច្ចុប្បន្ន បានក្លាយជាប្រទេសដ៏គួរឲ្យចាប់អារម្មណ៍រស់រវើក មានស្នាមញញឹមនៅគ្រប់ទិសទី និងកំពុងបន្តរីកលូតលាស់ក្រោមម្លប់សុខសន្តិភាព។ រាជធានីភ្នំពេញ ក្លាយជាទីក្រុងដ៏ស្រស់ឆើតឆាយគួរឲ្យទាក់ទាញ មិនចាញ់ប្រទេសជិតខាងក្នុងតំបន់ប៉ុន្មានទេ។
បើតាមការលើកឡើងរបស់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, នៅលើលោកនេះ ទោះជាប្រទេសមហាអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏នៅតែមានបំណុល ក៏នៅតែពឹងពាក់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ប្រទេស។ វាគឺជាប្រព័ន្ធរបស់ពិភពលោកដែលត្រូវរស់នៅបែបនេះ។ យ៉ាងណាមិញ កម្ពុជា ក៏នៅតែត្រូវការជំនួយ ឬកម្ចីពីបរទេសដើម្បីយកមកកសាងប្រទេស ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជារឿងធម្មតា។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានរំលឹកផងដែរថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ឬគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរកើតឡើងនៅបណ្តាប្រទេសជាមិត្ត រាជរដ្ឋាភិបាលកម្ពុជាតែងផ្តល់ជំនួយជាថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីជួយដល់បណ្តាប្រទេសជាមិត្តទៅទាមលទ្ធភាពដែលមាន។
ក្នុងន័យនេះ លោក ប៉ែន បូណា បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំខ្មែរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការចែករំលែកបទពិសោធន៍ដើម្បីកសាងសន្តិភាពក្នុងតំបន់ និងក្នុងពិភពលោក។ កម្ពុជាក៏អាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់តំបន់ និងអន្តរជាតិបានដូចប្រទេសដទៃដែរ។
លោកបានសង្កត់ធ្ងន់ថា កម្ពុជាក្នុងសតវត្សរ៍ទី២១ គឺកម្ពុជាដែលឈរកាន់តែរឹងមាំងលើជំហរខ្លួនឯង កម្ពុជាដែលមានតួនាទីកាន់តែសំខាន់ និងរស់រវើកលើនយោបាយការទូត កម្ពុជាបាននិងកំពុងតែលើកស្ទួយកិត្យានុភាពជាតិតាមរយៈការដាក់ចេញចក្ខុវិស័យឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដើម្បីជ្រោងទង់មោទនភាពជាតិខ្មែរឲ្យកាន់តែខ្ពស់ត្រដែលឡើង៕