(ភ្នំពេញ)៖ តាមរយៈវេទិកាសារព័ត៌មានលើកទី៧ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ មួយចំនួនក្នុងរយៈពេល៣ខែចុងក្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោក ប៉ែន បូណា បានអះអាងថា ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលគ្មានកម្លាំងណា ឬឥទ្ធិពលអ្វីមកធ្វើឲ្យរង្គោះរង្គើរបាន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ប្រកបដោយជំនឿចិត្តយ៉ាងមុតមាំ ឆ្ពោះទៅសម្រេចគោលដៅកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមគោលបំណងដែលប្រជាពលរដ្ឋខ្មែរចង់បាន។
លោកបានបន្ថែមថា អ្វីដែលសំខាន់បំផុតមួយទៀតគឺ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អ បើទោះបីជាសេដ្ឋកិច្ចពិភពលោកនៅបន្តរប៉ាក់របើក មិននឹងហ្នដោយសារផលវិបាកនៃកូវីដ១៩ សង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមានក៏ដោយ។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាកត្តាចម្បងបំផុតក្នុងការធានាប្រក្រតីភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
បើតាមលោក ប៉ែន បូណា, រាជរដ្ឋាភិបាល បាននិងកំពុងបន្តអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀតយ៉ាងសកម្មក្លៀវក្លា ដោយបង្កើតបាននូវសមិទ្ធផលថ្មីៗ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋឥតឈប់ឈរ។ ជាក់ស្តែង រយៈពេល៣ខែចុងក្រោយនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមមាន៖
* ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោដ៏ស្រស់ស្អាតក្នុងរាជធានីភ្នំពេញ
* ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ
* ការសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពត
* ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៧១ សេ,ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម
* ការសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គំរថយន្ត Ford ខេត្តពោធិ៍សាត់ ព្រមទាំងសមិទ្ធផលជាច្រើនទៀតក្នុងវិស័យអប់រំ និងវិស័យមួយចំនួនទៀត។
លោកបន្ថែមថា នៅបាំងតែមួយខែទៀតខាងមុខនេះ សមិទ្ធផលដ៏ធំសម្បើមមួយទៀតដែលជាមោទនភាពរបស់ខ្មែរនឹងត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់នោះគឺ «អាកាសយានដ្ឋានអន្តរជាតិតេជោ»។ ព្រឹត្តិការណ៍នោះនឹងធ្វើឲ្យកក្រើកពិភពលោកសារជាថ្មី ដែលនេះហើយហៅថា រាជរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងតែងតែបង្កើតមោទនភាពជាតិឥតឈប់ឈរ។
ចំណែកកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ក៏មានវឌ្ឍនភាពទៅមុខជានិច្ច ហើយចំនួនប្រជាពលរដ្ឋដែលទទួលផលពីកម្មវិធីគោលនយោបាយទាំងនោះកើនឡើងជាលំដាប់។ ជាក់ស្តែង ប្រជាពលរដ្ឋ កាន់តែច្រើនឡើងទទួលផលពីការព្យាបាលដោយឥតគិតថ្លៃ។ យុវជនកូនអ្នកក្រីក្រកាន់តែច្រើនឡើងទទួលផលពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដោយឥតបង់ថ្លៃ និងទទួលបានការឧបត្ថម្ភថវិកាសម្រាប់ចំណាយក្នុងពេលសិក្សាថែមទៀត។
កម្មវិធីជាតិជំនួយសង្គមក៏ផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងដល់ប្រជាពលរដ្ឋ ខណៈដែលអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ និងប្រជាកសិករក៏ទទួលបានការជួយជ្រោមជ្រែង និងទទួលបានផលពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកាន់តែច្រើនឡើង។ នេះមិនរាប់បញ្ចូលក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខត្តទូទាំងប្រទេស ដែលធ្វើការយ៉ាងសកម្មដើម្បីបម្រើប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនោះផងទេ។
លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តភាពសកម្ម សស្រាក់សស្រាំ គ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដោយឥតងាករេ៕