(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ នារសៀលថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ៧០រូប ចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកា ជូនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ មានសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ១១៨នាក់បានចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា តាមរយៈសមាគម ដែលមានទឹកប្រាក់សរុប ១,៧១៦,៦៦៦ ដុល្លារអាម៉េរិក ក្នុងនោះប្រាក់រៀលសរុបចំនួន ៨០,៣៥៧,១១០ រៀល និង ប្រាក់ដុល្លារ សរុបចំនួន ១,៦៩៦,៥៧៦.៧២ ដុល្លារអាម៉េរិក។

គួររំលឹកថា កាលពីឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា បានប្រមូលនិងប្រគល់ថវិកាជូនកាកបាទក្រហមកម្ពុជាចំនួន ១,៥៥៥,៥៥៥ ដុល្លាអាម៉េរិក ខណៈដែលកាលពីឆ្នាំ២០២៣ បានប្រគល់ជូនចំនួន ១,៣៤៣,០០០ ដុល្លារអាម៉េរិក៕