(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មានចំពោះករណីជម្លោះពាក្យសម្ដីរវាងមន្ត្រីសម្របសម្រួល ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំឃុំល្ងៀង ជាមួយនឹងអ្នកសារព័ត៌មាន។

បើតាមរយៈលិខិតនោះ បានឱ្យដឹងថានាពេលថ្មីៗនេះ មានសារព័ត៌មាន និងគេហទំព័រក្នុងបណ្តាញផ្សព្វផ្សាយសង្គម បានធ្វើការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ជាវីដេអូ និងរូបភាពពាក់ព័ន្ធនឹងដំណើរក្នុងការដេញថ្លៃគម្រោង មូលនិធិឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលមានបញ្ហាកើតឡើងបង្កជាទង្វើកាយវិការ និងប្រើពាក្យសម្តីមិនសមរម្យរវាងអ្នកសារព័ត៌មាន មន្ត្រីសម្របសម្រួល និងកម្លាំងក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្នុងការដេញថ្លៃ។

ក្រោយពីទទួលបានព័ត៌មាន និងរបាយការណ៍របស់រដ្ឋបាលឃុំល្ងៀង រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការស្រាវជ្រាវករណីនេះជាបន្ទាន់ និងសូមធ្វើការបំភ្លឺបញ្ជាក់ជូនសាធារណជនដូចខាងក្រោម៖

ទី១៖ ដំណើរការកិច្ចលទ្ធកម្មដេញថ្លៃគម្រោងមូលនិធិឃុំល្ងៀង បានអនុវត្តត្រឹមត្រូវតាមនីតិវិធីរបស់សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ប៉ុន្តែក្នុងកំឡុងពេលដំណើរនេះ ត្រូវបានរំខានពីអ្នកសារព័ត៌មានមួយចំនួនតូច ដែលចូលរួមពុំបានសុំការអនុញ្ញាតពីរដ្ឋបាលឃុំ ដោយស្ថិតក្នុងស្ថានភាពបែបនេះ គណកម្មការលទ្ធកម្មឃុំល្ងៀង ពុំអាចបន្តនីតិវិធីដេញថ្លៃបាន ក៏សម្រេចរំសាយការដេញថ្លៃ និងលើកពេលទៅថ្ងៃក្រោយវិញ

ទី២៖ ករណីកើតបញ្ហាឈានដល់មានការបង្កទង្វើកាយវិការ និងពាក្យសម្តីមិនសមរម្យរវាងអ្នកសារព័ត៌មាន និងមន្ត្រីសាលាខេត្ត មូលហេតុមន្ត្រីសាលាខេត្ត និងក្រុមការងាររដ្ឋបាលឃុំ បានធ្វើការសួរនាំ និងសម្របសម្រួលច្រើនដងជាមួយបុគ្គលអ្នកសារព័ត៌មានខាងលើ ប៉ុន្តែពុំសហការអនុវត្តតាមការណែនាំ ព្រមទាំងប្រើពាក្យសម្តីមិនសមរម្យតបមកមន្ត្រីសម្របសម្រួល និងក្រុមការងាររដ្ឋបាលឃុំវិញផងដែរ

សូមបញ្ជាក់ថា កាលដែលមន្ត្រីសាលាខេត្ត និងរដ្ឋបាលឃុំអនុវត្តការសួរនាំនិងណែនាំបែបនេះ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលដេញថ្លៃ ព្រមទាំងអនុវត្តយោងតាមស្មារតីខ្លឹមសារលិខិតលេខ ០១០/២៤ សណន.តឃ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ រួមទាំងលិខិតលេខ ២៣០៧សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

ទី៣៖ ចំពោះមន្ត្រីដែលបានប្រើប្រាស់កាយវិការ និងពាក្យពេចន៍មិនសមរម្យក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន រដ្ឋបាលខេត្តបានសម្រេចសម្រួលភារកិច្ច និងធ្វើការអប់រំណែនាំបន្ថែមទៀត ដើម្បីឱ្យកែប្រែឥរិយាបទជាមន្ត្រីរាជការ ប្រកបដោយវិជ្ជាជីវៈឡើងវិញ

ទី៤៖ ពាក់ព័ន្ធក្នុងករណីខាងលើនេះ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បន្តពិនិត្យស្រាវជ្រាវសារព័ត៌មាន គេហទំព័រដែលចុះផ្សាយថ្មីៗពាក់ព័ន្ធខេត្តត្បូងឃ្មុំ ដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំខេត្ត ដើម្បីមានវិធានចំណាត់ការបន្ត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា ការប្រកាសជូនដំណឹងការដេញថ្លៃ និងកិច្ចប្រជុំបើកសំណើរដេញថ្លៃឃុំ/សង្កាត់ ត្រូវបានប្រព្រឹត្តទៅជាសាធារណៈ ដូចនេះរដ្ឋបាលខេត្តសង្ឃឹមថា អ្នកសារព័ត៌មាន ក្រុមហ៊ុន អ្នកទទួលការ រួមទាំងអ្នកពាក់ព័ន្ធ ដែលមានបំណងចូលរួមក្នុងការដេញថ្លៃឃុំ/សង្កាត់ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើមានការប្រព្រឹត្តបំពានល្មើសច្បាប់ប្រការណាមួយ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕