(ភ្នំពេញ)៖ រយៈពេលមួយថ្ងៃពេញ​ ក្រោយពិធីបើកនាព្រឹកនេះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបញ្ចប់ លោក ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំកិច្ចប្រជុំត្រៀម កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ ជាមួយរបៀបវារៈចំនួន៨។ កិច្ចប្រជុំនេះ ជាការត្រៀមលក្ខណៈ ឆ្ពោះទៅការរៀបចំការងារបន្ត ដែលកម្ពុជាកំពុងធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤-២០២៦។

លោក ឈុន សុជាតិ បានលើកឡើងថា ឆ្នាំនេះជាកិច្ចប្រជុំលើកទី២៣ គិតចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមនៅឆ្នាំ១៩៨០។ ជាងបួនទសវត្សរ៍មកនេះ ACCSM គឺជាវេទិកាចម្បងរបស់យើងសម្រាប់ការផ្លាស់ប្តូរការច្នៃប្រឌិត និងការអនុវត្តល្អបំផុតនៅក្នុងរដ្ឋបាលសាធារណៈ។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ កម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសេវាស៊ីវិលនៅទូទាំងតំបន់ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងចំណោមភ្នាក់ងាររបស់យើង និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអភិបាលកិច្ចល្អ។

លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ថា «កិច្ចខិតខំប្រឹងប្រែងជំនួយទៅវិញទៅមករបស់យើងបានជួយបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមរដ្ឋសមាជិក។ រាល់កិច្ចប្រជុំ និងសិក្ខាសាលា គណៈប្រតិភូបានចែករំលែកចំណេះដឹង និងគាំទ្រគ្នាទៅវិញទៅមក បង្កប់នូវស្មារតីអាស៊ាន។ គោលដៅ ACCSM ដើម្បីទ្រទ្រង់សេវាកម្មសាធារណៈ ដែលផ្តោតលើប្រជាពលរដ្ឋ និងរំលឹកយើងថា សមិទ្ធផលទាំងអស់នេះ ត្រូវតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង»

កិច្ចប្រជុំបានពិនិត្យលើផែនការសកម្មភាពដែលបានអនុវត្តកន្លងមក រួមជាមួយការបង្ហាញពីផែនការសកម្មភាពនានាដែលកម្ពុជានឹងដឹកនាំ រៀបចំក្នុងនាមជាប្រធាន។

ទន្ទឹមនេះ កិច្ចប្រជុំទទួលបានការធ្វើរបាយការណ៍ពីបណ្តាប្រទេសជាសមាជិកអាស៊ាន លើកិច្ចការដែលបាន និងកំពុងអនុវត្ត ព្រមទាំងមានការចូលរួមធ្វើបង្ហាញពីដៃគូសន្ទនា តាមប្រព័ន្ធអនឡាញផងដែរ។ លើសពីនេះ កិច្ចប្រជុំបានរៀបចំបងបង្ហាញ និងការចូលរួមជាមតិយោបល់នានាសំដៅដល់ការរៀបចំផែនការសកម្មភាព ACCSM &ACCSM+3 ឆ្នាំ២០២៦-២០៣០ ដែលការងារនេះ ជាការដឹកនាំដោយកម្ពុជា ដោយមានគាំទ្រ និងបំពេញគ្នាទៅវិញទៅមកដោយអគ្គលេខាធិការដ្ឋានអាស៊ាន៕