(កំពត)៖ ឧកញ៉ា សុខ ចន្ធី តំណាងអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញមានវត្តមានក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋដែលខ្វះខាត សរុបមានចំនួន ៤០០គ្រួសារ ដែលក្នុងនោះប្រជាពលរដ្ឋរស់នៅសង្កាត់ កោះតូច ក្រុងបូកគោមានចំនួន ២០០គ្រួសារ និងនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ មានចំនួន ២០០គ្រួសារ។

អំណោយសប្បុរសធម៌ទាំងនោះ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូ,ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស, ត្រីខ ១ឡូ, និងថវិកា៤០,០០០រៀល។ ក្នុងឱកាសនេះដែរ ក៏មានការឧបត្ថម្ភដល់ក្រុមការងារថ្នាក់សង្កាត់ ថ្នាក់ភូមិ និងកងកម្លាំងបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន សុខាអូតែល ដែលមានអ្នកឧកញ៉ា សុខ គង់ ជាប្រធាន តែងតែបន្តចូលរួមចំណែកក្នុងសង្គម តាមរយៈការចែករំលែកនូវអំណោយសប្បុរសធម៌ ជូនដល់បងប្អូនរស់នៅជនបទដូចជា ចាស់ជរា ក្មេងកំព្រា ជនពិការ និងក្រុមគ្រួសារដែលមានជីវភាពក្រលំបាក និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទំនុកបំរុងការចំណាយប្រចាំថ្ងៃ៕