(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២៣។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា (FAO) លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។
នាឱកាសនោះ លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានរម្លឹកពីសាវតា និងសារៈសំខាន់នៃជំរឿនកសិកម្មមាន ៣ចំណុចរួមមាន៖
ទី១៖ សាវតា និងសារសំខាន់នៃជំរឿនកសិកម្ម វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានធ្វើជំរឿនកសិកម្មលើកទី១ នៅឆ្នាំ២០១៣ និងធ្វើអង្កេតចន្លោះជំរឿនកសិកម្មនៅឆ្នាំ២០១៩ និងធ្វើជំរឿនកសិកម្មជាលើកទីពីរនៅឆ្នាំ២០២៣ ក្នុងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពកសិកម្ម និងបង្កើតបញ្ជីមេនៃអង្គភាពកសិកម្ម។ ជាមួយគ្នានេះជំរឿន និងអង្កេតកសិកម្ម បានផ្តល់ឱកាសឱ្យធ្វើបច្ចុប្បន្នភាពទិន្នន័យអំពី ស្ថានភាពកសិកម្មគ្រប់ប្រភេទ សមភាពយេនឌ័រក្នុងវិស័យកសិកម្មនៅកម្ពុជា និងផ្តល់ទិន្នន័យកសិកម្ម នៅកម្រិតមូលដ្ឋាន នៅថ្នាក់ក្រោមជាតិ ព្រមទាំងស្ថានភាពរចនាសម្ព័ន្ធនៃការកាន់កាប់កសិកម្ម ការប្រើប្រាស់ដី ការដាំដំណាំ ការចិញ្ចឹមបសុសត្វ បសុបក្សី វារីវប្បកម្ម និងសកម្មភាពអនុផលព្រៃឈើ នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនិងជាធាតុចូលសម្រាប់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀតប្រើប្រាស់។
លទ្ធផលជំរឿនកសិកម្ម រួមចំណែកក្នុងការផ្តល់ទិន្នន័យសំខាន់ៗ ដែលជាតម្រូវការចាំបាច់ មិនអាចខ្វះបានក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពកសិកម្មនៅកម្ពុជា បង្ហាញពីមូលដ្ឋានគ្រឹះនៃ អង្គភាពកសិកម្ម ដែលឆ្លុះបញ្ចាំងអំពីទិន្នន័យ ព័ត៌មាន និងសកម្មភាពផលិតកម្មកសិកម្ម ព្រមទាំងសូចនាករសំខាន់ផ្សេងៗទៀត របស់អង្គភាពកសិកម្មគ្រប់ទំហំ ខ្នាត ប្រភេទ និងទម្រង់លក្ខណៈ នៃរចនាសម្ព័ន្ធកសិកម្មនៅកម្ពុជា។ បញ្ជីមេនៃអង្គភាពកសិកម្មក៏ត្រូវបានប្រើប្រាស់ជាបញ្ជីគោលនៃ ជំរឿនកសិកម្ម និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធ។ លើសពីនេះ លទ្ធផលនៃជំរឿនកសិកម្ម រួមចំណែកក្នុងដំណើរការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម សង្គម សេដ្ឋកិច្ច ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
ទី២៖ ដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងដោយអនុលោម តាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ និងអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការកំណត់ កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅព្រះរាជាណាចក្រ កម្ពុជាឆ្នាំ២០២៣ និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីស្ថិតិ ផ្លូវការដែលបានចាត់តាំង ដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងជំនួយបច្ចេកទេស ពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
ក្រសួងផែនការ បានបង្កើតគណៈកម្មាធិការជាតិជំរឿនកសិកម្ម គណៈកម្មការបច្ចេកទេស ជំរឿនកសិកម្ម គណៈកម្មការឃោសនាជំរឿនកសិកម្ម និងគណៈកម្មការជំរឿនកសិកម្មនៅរាជធានី ខេត្ត ដើម្បីធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ ដែលជាជំរឿនកសិកម្មលើកទី២ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ជំរឿននេះត្រូវប្រព្រឹត្តទៅក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ដោយកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទយោង ហើយបានធ្វើ ប្រតិបត្តិការចុះសម្ភាសន៍ និងស្រង់ទិន្នន័យចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយគ្របដណ្តប់ អង្គភាពកសិកម្មទាំងអស់ (គ្រួសារកាន់កាប់កសិកម្ម និងសហគ្រាស ខ្នាតធំ) នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ការស្រង់ទិន្នន័យអង្គភាពកសិកម្មនៅកម្ពុជា ត្រូវបានធ្វើឡើងដោយផ្អែកតាមនិយមន័យច្បាស់លាស់ស្តីពី «អង្គភាពកសិកម្ម» ដែលសំដៅដល់អង្គភាពផលិតកម្មកសិកម្មមួយដែលមានទីតាំងមួយជាក់លាក់ ឬមានសកម្មភាពផលិតកម្មសំខាន់ដែល បង្កើតតម្លៃបន្ថែមមួយផ្នែកធំ ដែលមានយ៉ាងហោចណាស់ គឺត្រូវមានផ្ទៃដី ដាំដុះដំណាំ ០,០៣ហិកតា និង/ឬ មានចិញ្ចឹមបសុសត្វ ប្រភេទធំយ៉ាងតិច២ក្បាល និង/ឬ បសុសត្វ ប្រភេទតូចយ៉ាងតិច ៣ក្បាល និង/ឬយ៉ាងហោចណាស់មានបសុបក្សីចំនួន ២៥ក្បាល)។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងន័យនេះការធ្វើជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣ ត្រូវបានប្រមូលតាមវិធីសាស្ត្រឃើញរាប់ (De facto) ដោយមន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យដែលទទួលបានការបណ្តុះបណ្តាលរួចហើយ និងត្រូវបានចាត់ចុះធ្វើយុទ្ធនាការសម្ភាសន៍ដោយផ្ទាល់នៅមូលដ្ឋាន ទីតាំងអង្គភាពកសិកម្ម ឬជាមួយសមាជិកគ្រួសារកាន់កាប់កសិកម្មទាំងនោះដែលជាសមាជិកគ្រួសារ ពេញវ័យ (អាយុ១៨ឆ្នាំឡើង) នៃគ្រួសារកសិកម្ម និងមានការយល់ដឹងលើសកម្មភាពកាន់កាប់កសិកម្ម ត្រូវបានជ្រើសរើសជាអ្នកឆ្លើយតបការសម្ភាសន៍ជំរឿនកសិកម្ម។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ រម្លឹកថានៅកម្ពុជា ក្រសួងផែនការ ដែលមានវិទ្យាស្ថានជាតិស្ថិតិ ជាសេនាធិការ ក្រៅពីអនុវត្តជំរឿនកសិកម្មទូទាំងប្រទេសកម្ពុជាលើកទី១ នៅក្នុងឆ្នាំ២០១៣ និងអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជានៅក្នុងឆ្នាំ២០១៩ ក៏បានធ្វើអង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ ចាប់ពី ឆ្នាំ២០២០ រហូតមកដល់ឆ្នាំ២០២៤ និងបន្តអនុវត្តអង្កេតកសិកម្មកម្ពុជានៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ក្រោមការគាំទ្រដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងថវិកាបដិភាគ របស់រាជ រដ្ឋាភិបាលកម្ពុជា។
ការធ្វើជំរឿនកសិកម្មនៅឆ្នាំ២០២៣ គឺជាប្រតិបត្តិការស្ថិតិមួយដ៏ធំ ហើយអាចសម្រេចទៅបានដោយសារមានការឧបត្ថម្ភគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងការចូលរួមពីម្ចាស់អង្គភាពកសិកម្មគ្រប់ប្រភេទទាំងអស់ ដែល បានចំណាយពេលដ៏មមាញឹក និងមានតម្លៃក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យអំពីអង្គភាពកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំជូនដល់មន្ត្រីជំរឿនកសិកម្ម។ លើសពីនេះ ការងារជំរឿនកសិកម្មនៅឆ្នាំ២០២៣ គឺជាការងារកម្រិតថ្នាក់ជាតិដ៏សំខាន់មួយ ប្រព្រឹត្តទៅក្រោយពេលរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកលដែលធ្វើឱ្យការសម្ភាសគ្រប់បណ្តាអង្គភាពកសិកម្ម នៅទូទាំង២៥ រាជធានី ខេត្ត នៅក្នុងកម្ពុជា ជួបការលំបាក ប៉ុន្តែបានបញ្ចប់ដោយជោគជ័យក្រោមការចង្អុលបង្ហាញផ្លូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរកម្ពុជា។
ជោគជ័យនេះអាចទទួលបានដ៏ដោយសារ មានការចូលរួមយ៉ាងសកម្ម ពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសគ្រប់ជាន់ថ្នាកនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ដែលមាននាយកដ្ឋានស្ថិតិសេដ្ឋកិច្ចនៃវិទ្យាស្ថានជាតិស្ថិតិ ជាសេនាធិការ ក្នុងកិច្ចសហការជាមួយបណ្តាក្រសួង ស្ថាប័ន និងអង្គភាព ជំនាញពាក់ព័ន្ធទាំងថ្នាក់ជាតិដើម្បីអនុវត្តការងារបានចប់ជាស្ថាពរក្នុងប្រតិបត្តិការប្រមូលទិន្នន័យជំរឿនកសិកម្ម និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារបានចប់ជាស្ថាពរក្នុងប្រតិបត្តិក និងបានធ្វើការចងក្រងវិភាគរបាយការណ៍លទ្ធផលចុងក្រោយនៃជំរឿនកសិកម្ម នៅកម្ពុជាឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយជូនអ្នកប្រើប្រាស់នាពេលនេះ។
និងទី៣៖ លទ្ធផលចុងក្រោយនៃជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០២៣ បានបង្ហាញថាមន្ត្រីបានចុះសម្ភាសន៍គ្រួសារសរុបចំនួនជាង ៣,៤លានគ្រួសារ ក្នុងនោះបានរកឃើញគ្រួសារកាន់កាប់កសិកម្មចំនួន ១,៨៥លានគ្រួសារ ដែលត្រូវបានសម្ភាសន៍ និងកត់ត្រាទិន្នន័យជំរឿនកសិកម្ម។ ចំនួនគ្រួសារកាន់កាប់កសិកម្មនៅឆ្នាំ២០២៣ មានការថយចុះប្រមាណ ២៨ម៉ឺនគ្រួសារ ស្មើនឹង ១៣% បើប្រៀបធៀបនឹងលទ្ធផលនៃជំរឿនកសិកម្មនៅឆ្នាំ២០១៣។
ក្នុងន័យនេះ ស្ថានភាពគ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា មានការប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម មកនៅត្រឹមអត្រា ៥៤,៥% នៅឆ្នាំ២០២៣ ខណៈដែលអត្រានេះមានប្រមាណជិត ៨២% នៅឆ្នាំ២០១៣។ ក្នុងចំណោមគ្រួសារកាន់កាប់កសិកម្មទាំងអស់នៅឆ្នាំ២០២៣ (១,៨៥លានគ្រួសារ) គឺមានក្បាលដឹកសិកម្មសរុបចំនួន ៣,៦លានក្បាលដី (រួមទាំងដីជុំវិញលំនៅឋាន) និងមានផ្ទៃដីប្រមាណ ៣,២លានហិកតា។ ផលិតភាពដាំដំណាំស្រូវនៅទូទាំងប្រទេស គិតជាមធ្យមស្មើនឹង ៣,៤តោន ក្នុង១ហិកតា។
មេគ្រួសារកាន់កាប់កសិកម្មជាបុរសមានអត្រា ៨៤,៤% និងមេគ្រួសារកាន់កាប់កសិកម្ម ជាស្ត្រីអត្រា ១៥,៦% និងមានអត្រាភេទ (ចំនួនបុរសក្នុងចំណោមស្ត្រី១០០នាក់) នៃសមាជិកគ្រួសារកាន់កាប់កសិកម្មសរុបស្មើនឹង៩៨,៤។ អាយុមធ្យមរបស់ប្រជាជននៃគ្រួសារ កាន់កាប់កសិកម្ម គឺ ៣១,៨ឆ្នាំ និងមានសមាជិកគ្រួសារ ស្ថិតនៅក្នុងបន្ទុក (អ្នកដែលមានតិចជាង១៥ឆ្នាំ និងអ្នកដែលមានអាយុ ៦០ឆ្នាំឡើងទៅ) នៃចំនួនប្រជាជនសរុបមានអត្រា៤៩% និងមានទិន្នន័យសូចនាករសំខាន់ផ្សេងៗទៀតដែលអាចរកបាននៅក្នុងរបាយការណ៍ចុងក្រោយនៃ ជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣៕