(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី ហ្វ្រង់ស៊ី អាដាមសុន (Frances Adamson. AC) អភិបាលនៃរដ្ឋអូស្ត្រាលីខាងត្បូង ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់លោកស្រីនៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលើវិស័យអប់រំរវាងប្រទេសយើងទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយនវានុវត្តន៍បន្ថែមទៀត ដ្បិតកម្ពុជា-អូស្ត្រាលី មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីឆ្នាំ១៩៥២មក។
បន្ថែមពីនេះ សម្តេចបានថ្លែងអំណរគុណប្រទេសអូស្រ្តាលី ដែលបានតួនាទីសំខាន់នៅក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសបេសកកម្មរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ដែលជាមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC)។
សម្តេចរដ្ឋសភា ឃួន សុដារី បានគូសបញ្ជាក់ថា «គិតចាប់ពី១៩៩៤ មកមាននិស្សិតកម្ពុជាប្រមាណ១ពាន់នាក់បានទទួលអាហារូបករណ៍ផ្លូវការរបស់អូស្រ្តាលី និងមាននិស្សិតខ្មែរប្រមាណ១ម៉ឺននាក់ផ្សេងទៀត បានទៅសិក្សានៅអូស្រ្តាលីជាលក្ខណៈឯកជន។ អូស្រ្តាលីជាប្រទេសមួយ ដែលមានប្រព័ន្ធអប់រំឈានមុខ ហើយពលរដ្ឋខ្មែរតែងតែប្រាថ្នាក់ចង់ទៅសិក្សានៅអូស្រា្តលី។ ដូច្នេះប្រសិនបើជាការវិនិយោគនៅវិស័យអប់រំនៅកម្ពុជាពីប្រទេសអូស្រា្តលី សម្តេចស្វាគមន៍ជានិច្ច»។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកដែរថាសម្តេចផ្ទាល់ ក៏ជាអតីតនិស្សិតដែលបានជាប់អាហារូបការណ៍របស់អូស្រ្តាលី ប៉ុន្តែជាអកុសលនៅឆ្នាំ១៩៧៥ ដោយសារពួកប៉ុលពតឡើងគ្រប់គ្រងប្រទេស សម្តេចមិនបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនោះទេ។
តាមរយៈលោកស្រី ប្រធានគណៈប្រតិភូ សម្តេចប្រធានរដ្ឋសភា បានស្នើដល់រដ្ឋាភិបាលអូស្រ្តាលីបន្តផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជា ដើម្បីបានបន្ដសិក្សានៅអូស្រ្តាលី ជាពិសេសក្នុងរដ្ឋអូស្រ្ដាលីខាងត្បូងបន្ថែមទៀត។
នាឱកាសនោះ លោកស្រី ហ្វ្រង់ស៊ីស អាដាមសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកស្រីបានលើកឡើងថា កម្ពុជានិងអូស្រ្តាលីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ។ «ពលរដ្ឋអូស្រ្តាលី បានស្គាល់ច្បាស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ កាលពីឆ្នាំកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ដែលដំណើរទស្សនកិច្ចនោះបានជំរុញទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។ នេះបើតាមការលើកឡើងរបស់លោកស្រី ហ្វ្រង់ស៊ីស អាដាមសុន។
លើសពីនេះ លោកស្រី និងសម្តេចប្រធានរដ្ឋសភា បានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាលនិងបើកចំហរ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ លើគ្រប់វិស័យទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមមានការងារទូត វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សមភាពយេនឌ័រ ពិសេសវិស័យអប់រំនិងបច្ចេកវិទ្យាជាដើម។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងស្ថានការណ៍តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន មានការវិវត្តន៍ប្រែប្រួលនិងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពោរពេញដោយភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ និងផុយស្រួយ ដោយសារតែការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ មានសភាពកាន់តែធ្ងន់ធ្ងរទៅៗជារៀងរាល់ថ្ងៃនោះ។
សម្ដេចបានមានប្រសាសន៍បន្តថា ការភ្ជាប់ទំនាក់ទំនងគ្នាទាំងការងារការទូតរដ្ឋាភិបាល និងរដ្ឋសភា ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកបន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំងការលើកកម្ពស់វិធានការកសាងទំនុកចិត្ត មិត្តភាព ផ្អែកលើការជឿទុកចិត្តគ្នា និងគោរពគ្នាជានិច្ច៕