(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា ពេលណា និងកាលៈទេសៈណាក៏ដោយដែលពលករខ្មែរមានទុក្ខព្រួយ និងការលំបាក ពេលនោះមានវត្តមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលចេញមុខខ្នះខ្នែងជួយដោយមិនទុកឱ្យបងប្អូនរងាឡើយ។

គិតមកដល់ពេលនេះ គឺ៥០ថ្ងៃនៃហេតុការណ៍គ្រោះរញ្ជួយដីដ៏កំណាចនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានសម្លាប់មនុស្សជាង ១០០នាក់ និងធ្វើមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្នុងនោះពលករខ្មែរស្លូតត្រង់ចំនួន ៤រូបក៏បានបាត់បង់ជីវិត និង២រូបផ្សេងទៀតរងរបួសផងដែរ។ នេះគឺជាទុក្ខសោករបស់កម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអាណាព្យាបាល។

តើរយៈពេល ៥០ថ្ងៃកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើអ្វីខ្លះជួយបងប្អូនពលករខ្មែរនៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ?

លោក ស៊ុន មេសា បានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា មានច្រើនណាស់ មិនតិចនោះទេ ប៉ុន្តែខ្ញុំអនុញ្ញាតសង្ខេបខ្លីៗ និងខ្លឹមៗជូនបងប្អូន។ ជាបឋមខ្ញុំសូមរំលឹកបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក្នុងនាមជាក្រសួងការងារ និងក្នុងនាមជាប្រធានក្រុមការងារយុវជន ESEA ផង និងជាសេនាធិការជូនសម្តេចប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យអនុព័ន្ធការងារអមស្ថានទូតនៅប្រទេសថៃ និងក្រុមការងារយុវជនគណបក្ស ESEA ប្រចាំនៅប្រទេសថៃ បានចុះដល់ទីតាំង និងប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីផ្តល់ដំណឹង និងផ្តល់ជំនួយចាំបាច់ដល់ពលករខ្មែរដែលរងរបួស និងសាច់ញាតិពលករខ្មែរដែលបានមកស្វែងរកបងប្អូន»

លោកបានបន្តថា នៅពេលដែលរកឃើញបងប្អូនដែលរងរបួស និងសាកសពដែលសង្ស័យជាជនជាតិខ្មែរ គឺមានការងារដ៏ប្រទាក់ក្រឡាមួយ និងប្រញ៉ាប់បំផុតបានកើតឡើងទាំងមន្ត្រីពាក់ព័ន្ធនៅកម្ពុជា និងមន្ត្រីរបស់ក្រសួងការងារនៅប្រទេសថៃ។ ចំពោះនៅថៃក្រុមការងារអនុព័ន្ធការងារ ធ្វើការយ៉ាងជិតស្និទជាមួយភាគីថៃទាំងកិច្ចការងារឯកសារផ្លូវច្បាប់ជាមួយភាគីថៃ។

ដោយឡែកមន្រ្តីជំនាញនៅកម្ពុជាវិញ បានធ្វើការស្រាវជ្រាវរកសាច់ញាតិ បងប្អូន និងការជួយខ្នះខ្នែងរត់ឯកសារ បំពេញឯកសារ និងការសម្របសម្រួលការធ្វើដំណើរ និងកិច្ចការផ្សេងៗ ត្រូវបានអគ្គនាយកដ្ឋានការងារ នាយកដ្ឋានមុខរបរ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដាក់ចេញភ្លាមភ្លែតសំដៅជួយពលករខ្មែរដែលកំពុងរងគ្រោះ ហើយការងារសំខាន់បំផុតសម្រាប់អ្នកស្លាប់ គឺការធ្វើកោសល្យវិច្ច័យ DNA។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖ «ការនិយាយនេះ ខ្ញុំមិនមានចេតនាថា កិច្ចការងារនេះ ធ្វើតែមន្ត្រីក្រសួងការងារនោះឡើយ គឺការងារនេះពិតណាស់ គឺជាការងារអន្តរក្រសួង គឺក្រសួងការបរទេស ដែលមានស្ថានទូត មន្ត្រីអន្តោប្រវេសន៍ និងអាជ្ញាធរមូលដ្ឋាននៃក្រសួងមហាផ្ទៃ បានដុតដៃដុតជើងចូលរួមជួយគ្នាបានយ៉ាងល្អ»

ចំពោះការងារនៅពេលមានអ្នកស្លាប់ និងរបួស លោក ស៊ុន មេសា បានសង្កត់ធ្ងន់លើដំណាក់កាលតេស្ត DNA ដើម្បីបញ្ជាក់ភាពត្រឹមត្រូវនៃសាកសពពលរដ្ឋខ្មែរ ឬសាសន៍ផ្សេង និងបញ្ជាក់រកសាច់ញ្ញាតិ ហើយត្រូវបញ្ជូនសពចេញពីថៃមកកម្ពុជាក្នុងការធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានជនរងគ្រោះ។

ជាការពិត មន្ត្រីក្រសួងការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមទាំងអាជ្ញាធរ មិនហ៊ានសម្រាកឡើយបើទោះបីជាថ្ងៃសម្រាកបុណ្យទានក៏ដោយ។ ជាក់ស្តែងការបញ្ជូនសពបងប្អូនពលករ ២រូបប្តីប្រពន្ធចុងក្រោយកាលពីថ្ងៃពុធ ព្រហស្បតិ៍ក្នុងសប្តាហ៍នេះ គឺធ្វើឡើងប៉ះចំថ្ងៃបុណ្យទានរបស់ជាតិ ប៉ុន្តែមន្ត្រីនៅបន្តធ្វើការតាំងពីពេលថ្ងៃរហូតដល់យប់រំលងអាធ្រាត្រ ទម្រាំបញ្ជូនសព និងការដង្ហែសពត្រូវបានបញ្ចប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន មេសា។

ចំពោះសព និងបងប្អូនរងគ្រោះវិញ លោករដ្ឋមន្ត្រី ហេង សួរ បើទោះបីជាលោករវល់ការងារដ៏មមាញឹក ក៏លោកឆ្លៀតឱកាសក្នុងការចូលរួមរំលែកទុក្ខដោយផ្ទាល់ ដល់គេហដ្ឋានសព និងការនាំយកសាររំលែកទុក្ខដែលចុះហត្ថលេខាផ្ទាល់ដៃរបស់សម្តេចជូនគ្រួសារសព ដោយអមថវិកាចូលបច្ច័យដ៏ថ្លៃថ្លារបស់សម្តេច និងលោកជំទាវបណ្ឌិតដែលបានឧបត្ថម ១ម៉ឺនដុល្លារដល់សពមួយរូប និងថវិកា ១០លានរៀលសម្រាប់អ្នករបួស។

អ្នកនាំពាក្យរូបនេះ បានលើកជាឧទាហរណ៍ថា ជាក់ស្តែងក្នុងករណីសពរបស់ប្អូន មាស សាវ៉ាង ឯកឧត្តមរដ្ឋមន្ត្រី បានចុះទៅដោយផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខសោកដ៏ក្រៀមក្រមចំពោះការបាត់បង់សមាជិកគ្រួសារដ៏សំខាន់នេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចុះសួរសុខទុក្ខអ្នកស្រី សឿន សំណាង អ្នករងរបួស នៅខេត្តកំពង់ធំដែលបាក់កែងជើង។

ដោយឡែកប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីបានចូលរួមសាររំលែកទុក្ខដ៏ក្រៀមក្រំ ហើយសម្តេចផ្ទាល់ក៏បានចេញសារតាំងពីកើតហេតុដំបូងដោយណែនាំ និងបញ្ជាក់ថា សុខទុក្ខរបស់បងប្អូនពលករខ្មែរ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល៕