(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាព ដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរ៊ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។
លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ដោយសារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលើពិភពលោក ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានរួចហើយ ស្តីពី «ការបង្កើនការការពារខ្លួន ពីការឆ្លងវីរុសកូវីដ-១៩» ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរ៊ាំរ៊ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។
លោកស្រីបានបញ្ជាក់ទៀតថា «ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលើ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ»។
មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា សូមកុំភ្លេចវិធានការ ««៣ ការពារ និង ៣ កុំ»» រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ទើបអាចជួយកាត់បន្ថយជាអតិប្បរិមា នូវភាពធ្ងន់ធ្ងរនៃជំងឺការចូលសម្រាកពេទ្យ និងការស្លាប់ ដូចដែលយើងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១ដល់ឆ្នាំ២០២២ ស្រាប់ហើយ។
លោកស្រីបន្ថែមទៀតថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញ នូវវីរុសកូវីដ-១៩ នៅឡើយទេ ប៉ុន្តែការ ««ការពារប្រសើរជាងព្យាបាល»» ជាជម្រើសដ៏ល្អប្រសើរបំផុត សម្រាប់យើងទាំងអស់គ្នា ហើយយើងក៏កំពុងផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ។
រួមគ្នា ដើម្បីកម្ពុជា ចៀសផុតពីការលេចចេញឡើងវិញ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩ ដោយយើងទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន និងការពារខ្លួនទុកជាមុន ឱ្យបានល្អប្រសើរ៕