(កំពង់ធំ)៖ ប្រជាកសិករ ១៣គ្រួសារ រស់នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រៅពីការប្រកបរបរធ្វើស្រែចំការ បាននាំគ្នាងាកមកចិញ្ចឹមចង្រិត និងកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ ដោយពួកគាត់អាចរកប្រាក់ចំណូលបានយ៉ាងតិចចន្លោះពី ១លានរៀល ទៅ ១.២លានរៀល ក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។

ថ្លែងប្រាប់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាឱកាសដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពចិញ្ចឹមចង្រិត និងកណ្តូប របស់ប្រជាកសិករជាក់ស្តែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ កសិករចិញ្ចឹមចង្រិត លោកស្រី ឆោម ស្រីរ័ត្ន ប្រជាកសិករនៅភូមិចាន់ ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ បានរៀបរាប់ទាំងទឹកមុខរីករាយថា ការចិញ្ចឹមចង្រិតនេះ មិនមានភាពលំបាកនោះទេ ឱ្យតែយើងផ្តល់ចំណីឱ្យវាបានគ្រប់គ្រាន់ នោះវានឹងធំធាត់លឿន ហើយក៏ឆាប់បានទទួលផលផលដែរ។

លោកស្រីបានរៀបរាប់ទៀតថា ការចឹញ្ចឹមចង្រិត និងកណ្តូបនៅតាមផ្ទះលោកស្រីមានតិចតួច មិនច្រើនដូចកសិដ្ឋានគេនោះទេ តែយ៉ាងណាចង្រិត និងកណ្តូបលោកស្រីចឹញ្ចឹមតាមបែបធម្មជាតិ ជាលក្ខណគ្រួសារ។ ក្នុងចង្រិតមួយគីឡូ លោកស្រីអាចលក់ឱ្យឈ្មួញបានក្នុងតម្លៃចន្លោះពី ១ម៉ឺន ដល់ ១ម៉ឺន ២ពាន់រៀល ហើយកណ្តូប ១គីឡូចន្លោះ ៣ម៉ឺន ទៅ ៣ម៉ឺន ៥ពាន់រៀល ហើយជាមធ្យមលោកស្រីអាចរកចំណូលយ៉ាងតិចពី ១លានរៀល ទៅជាង ១លាន ២សែនរៀលផងដែរ។

នាឱកាសនោះដែរ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមចង្រិត និងកណ្តូបនេះបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

បន្ថែមពីនេះលោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការចឹញ្ចឹមចង្រិត និងកណ្តូបរបស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ៕