(កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាស ឆ្នាំ២០២៥ បានប្រារព្ធបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីកង យោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនជាង២ពាន់នាក់ រួមជាមួយយុទ្ធោបករណ៍យោធាទំនើបៗផងដែរ។

ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» សមយុទ្ធនាគមាសលើកទី៧នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ មានកម្លាំងកងទ័ពភាគីប្រទេសទាំងពីរ ចូលរួមក្នុងសមយុទ្ធជាង២,០០០នាក់។ ក្នុងនោះភាគីកងទ័ពរំដោះប្រជាជនចិន មានរហូត ៨៤៥នាក់ឯណោះ។ ដោយឡែកសពា្វវុធ និងគ្រឿងបំពាក់ យុទ្ធោបករណ៍សម្រាប់បម្រើឱ្យសកម្មភាពប្រតិបត្តិការសមយុទ្ធវិញ ភាគីកងទ័ពកម្ពុជា ប្រើប្រាស់កាំភ្លើងធំ, កាំភ្លើងត្បាល់, រថពាសដែក, រថយន្តសង្គ្រោះ, រថយន្តដឹកជញ្ជូនទ័ពចល័ត, នាវាល្បាតលើលំហសមុទ្រ, ឧទ្ធម្ភាគចក្រ និងអាវុធធុនធ្ងន់ធុនស្រាលមួយចំនួនធំទៀត។

រីឯភាគីកងទ័ពរំដោះប្រជាជនចិន ប្រើប្រាស់កាំភ្លើងធំប្រតិកម្មចល័តលើរថយន្ត, កាំភ្លើងក្បាល, យន្តយុទ្ធកង់កៅស៊ូ, រថពាសដែកកង់ច្រវ៉ាក់, រថយន្តដឹកនាំបញ្ជា ស៊ី៥ (C5), គ្រឿងយន្តគ្មានមនុស្សបើក, មនុស្សយន្តប្រភេទវះកាត់, ឆ្កែយន្ត, ឧទ្ធម្ភាគចក្រ, នាវាចម្បាំង, នាវាបុកឡើងគោក, ដ្រូនស៊ើបការ, ដ្រូនវាយលុក, អាវុធធុនធ្ងន់ ធនស្រាល និងបរិក្ខារស៊ើបការណ៍, បរិក្ខារសុខាភិបាលវេជ្ជសាស្ត្រ, សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនធំទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការ សមយុទ្ធនាគមាសឆ្នាំ២០២៥ន បានចែកចេញជា២ផ្នែក ទី១៖ សមយុទ្ធលើគោកនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្ន៕